សម្តេចតេជោ៖ ភាពជាដៃគូដ៏រឹងមាំកម្ពុជា-ហ្វីលីពីន នឹងបន្តរីកចម្រើន​ ទោះក្នុងស្ថានភាពណាក៏ដោយ
អុន សម្ផស្ស
08 កញ្ញា 2025 02:49 PM

រាជធានីភ្នំពេញ៖ តាមរយៈពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ស្វាគមន៍លោកប្រធានាធិបតីហ្វីលីពីន នៅល្ងាចថ្ងៃទី៨កញ្ញា ឆ្នាំ២០២៥ ដែលមានការចូលរួមដោយមន្ត្រីរដ្ឋាភិបាលកំពូលៗកម្ពុជា-ហ្វីលីពីន សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា លើកឡើងពីការវាយតម្លៃ និងយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏កក់ក្ដៅជាមួយហ្វីលីពីន..។ 

មានប្រសាសន៍ក្នុងពិធីនោះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាម ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋកម្ពុជា បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង​ ក្នុងការរៀបចំពិធីលៀងសាយភោជន៍ជូនជាកិត្តិយសចំពោះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) និងលោកជំទាវទី១ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ សម្ដេចតេជោ អបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនហ្វីលីពីនដែលសម្រេចបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ សម្ដេចតេជោ មានប្រសាសន៍ថា ពិធីលៀងសាយភោជន៍នេះ មិនត្រឹមតែជាការទទួលស្វាគមន៍ជាផ្លូវរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជួបជុំគ្នា និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។ ក្នុងន័យនេះ សម្តេចសង្កត់ធ្ងន់ថា៖«ភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសយើងទាំងពីរនឹងបន្តរីកចម្រើនជាលំដាប់ ទោះបីជាសភាពការណ៍តំបន់ និងពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ»។ 

ក្នុងពេលជាមួយគ្នានេះ កម្ពុជាបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងសកម្ម នូវតួនាទីហ្វីលីពីនជាប្រធានអាស៊ានឆ្នាំ២០២៦ ដើម្បីរួមគ្នាកសាងសហគមន៍អាស៊ានដ៏រឹងមាំ មានភាពធន់ និងប្រកបដោយបរិយាប័ន្ន និងមានប្រជាជន ជាស្នូល។ សម្តេចថ្លែងថា៖«យើងពេញចិត្តចំពោះការរីកចម្រើននៃភាពជាដៃគូដ៏រឹងមាំ ដែលបានកសាងឡើងផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្តគ្នា ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។ សម្តេចបន្ថែមថា ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន និងការតភ្ជាប់ គឺជាសសរស្តម្ភដ៏សំខាន់ ដែលធ្វើឱ្យទំនាក់ទំនងកម្ពុជា-ហ្វីលីពីនកាន់តែរឹងមាំយូរអង្វែង និងមានភាពធន់ ហើយធ្វើឱ្យយើងយល់គ្នាកាន់តែច្បាស់ និងកាន់តែស៊ីជម្រៅ។

ជាការឆ្លើយតប ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស បានអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ លោកប្រធានាធិបតី លើកឡើងថា៖«ជំនួបដ៏ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្ការវាងគណៈប្រតិភូយើងទាំងពីរ គឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការធ្វើការជាមួយដៃគូដែលមានទស្សនវិស័យដូចគ្នា ដើម្បីតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព»។ មេដឹកនាំហ្វីលីពីនរូបនេះ ថែមទាំងបង្ហាញការជឿជាក់ថា ក្នុងឆ្នាំខាងមុខនេះ ចំណងមិត្តភាពរវាងប្រជាជនទ្វេភាគី នឹងកាន់តែរឹងមាំថែមទៀត ដែលមិត្តភាពនេះត្រូវបានថែទាំពូនជ្រំតាមរយៈអន្តរកម្មប្រកបដោយសុខដុមរមនា និងកិច្ចសហការ។

លោក ម៉ាកូស ថ្លែងរំលេចថា«នៅពេលអនាគត សូមឱ្យកិច្ចខិតខំប្រឹងប្រែងរបស់យើងត្រូវបានដឹកនាំដោយបំណងប្រាថ្នារួមរបស់យើង៖ ពោលគឺ ការការពារតំបន់របស់យើងពីការគំរាមកំហែងឆ្លងដែនថ្មីៗ, ការសម្រេចបាននូវភាពធន់នៃសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្មក្នុងរង្វង់អាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវមជ្ឈភាពអាស៊ាន»។ គោលការណ៍ណែនាំទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីជម្រៅនៃចំណងការទូតរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះសុខុមាលភាពរបស់ប្រជាជនយើង និងចំពោះសន្តិសុខ និងវិបុលភាពនៃតំបន់របស់យើង៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត