កម្ពុជា-ហ្វីលីពីន ជំរុញឱ្យបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ
S
Sreyleak Yith
08 កញ្ញា 2025 08:47 AM

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបជាមួយ លោកប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស នៅវិមានសន្តិភាព រាជធានីភ្នំពេញ…។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា សម្ដេចតេជោ បានផ្ដល់យោបល់ដល់រដ្ឋាភិបាលហ្វីលីពីន និងកម្ពុជា ធ្វើយ៉ាងណាបង្កើនពាណិជ្ជកម្មជាមួយគ្នាឱ្យបានច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ នៅមានកម្រិត។ ក្នុងន័យនេះ សម្ដេចតេជោ ចង់ឃើញភាគីទាំងពីរ បង្កើនទំហំពាណិជ្ជកម្មឱ្យកាន់តែមានការកើនឡើងថែមទៀត។ សម្ដេចតេជោ ចាត់ទុកដំណើរអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីន មកកាន់កម្ពុជានៅពេលនេះ ជាផ្នែកដ៏សំខាន់នៃការរុញទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនកាន់តែមានភាពរីកចម្រើន។

ជាការឆ្លើយតប លោកប្រធានាធិបតី បានឯកភាពនូវការលើកឡើងរបស់សម្ដេចតេជោ ដោយបញ្ជាក់អំពីភាគីទាំងពីរ ត្រូវបង្កើនទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែល្អប្រសើរជាងនេះ ជាពិសេស ផ្ដោតលើពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន ឱ្យកាន់តែមានវឌ្ឍនភាពឈានឡើង។ លោកប្រធានាធិបតី បន្ថែមថា ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ ភាគីទាំងពីរក៏ត្រូវធ្វើកិច្ចរួមគ្នាបន្ថែមផងដែរ។ សូមជម្រាបថា  លោកប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំង២៕

លោកប្រធានាធិបតីហ្វីលីពីន  ហ្វឺឌីណាន់ ម៉ាកូស 
លោកប្រធានាធិបតីហ្វីលីពីន  ហ្វឺឌីណាន់ ម៉ាកូស 

​​​​​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត