
រាជធានីភ្នំពេញ៖ លោក ស៊ូដានស៊ូ Sudhanshu លេខាធិការនៃអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃ(APEDA) បានបង្ហាញចំណាប់អារម្មណ៍ចង់ពង្រីកការវិនិយោគនៅកម្ពុជា តាមរយៈការបង្កើតរោងចក្រ សម្រាប់កែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាំចេញទៅកាន់ទីផ្សារឥណ្ឌា…។

លោក ស៊ូដានស៊ូ និងសហការី បានបង្ហាញចំណាប់អារម្មណ៍ដូច្នេះ ក្នុងជំនួបជាមួយ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃចន្ទទី៨កញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ លោក តូច ប៊ុនហួរ បានសម្ដែងការស្វាគមន៍ចំពោះគណៈប្រតិភូឥណ្ឌា ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកឱកាសវិនិយោគផលិតផលសក្តានុពលកម្ពុជា តាមរយៈការបង្កើនការនាំចូលគ្រាប់ស្វាយចន្ទីស្រស់ទៅកាន់ទីផ្សារឥណ្ឌា ពង្រឹងពង្រីកការវិនិយោគលើដំណាំស្វាយចន្ទី ការកែច្នៃ និងការនាំចេញ ដោយបង្កើតរោងចក្រ សម្រាប់កែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ និងពង្រីកការវិនិយោគលើវិស័យកសិកម្មដែលមានសក្តានុពល។ លោកគូសបញ្ជាក់ថា៖«ប្រទេសកម្ពុជាបើកកទូលាយស្វាគមន៍ដល់អ្នកវិនិយោគទាំងឡាយណា ដែលមានបំណងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ»។

ក្រសួងកសិកម្មបានឱ្យដឹងដែរថា ក្រោយកិច្ចប្រជុំ គណៈប្រតិភូឥណ្ឌា បន្តជួបជាមួយវិស័យឯកជន និងធ្វើទស្សនកិច្ចឆ្ពោះទៅខេត្តកំពង់ធំ ដែលជាតំបន់សក្តានុពលស្វាយចន្ទី សំដៅបង្កើនការវិនិយោគលើកែថ្នៃគ្រាប់ស្វាយចន្ទីកម្ពុជា។ គួរបញ្ជាក់ថា បើតាម លោក តូច ប៊ុនហួរ កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយច្រើន មានប្រភេទពូជល្អ គុណភាពខ្ពស់ និងរសជាតិឆ្ងាញ់ ដូចជាប្រភេទពូជ៖ M23 M10 H09 និងIM4។ គួរឱ្យដឹងបន្ថែមថា ចំណាប់អារម្មណ៍នេះ ក៏ធ្វើឡើងស្របពេល ក្រុមហ៊ុន អ៊ែមភល អាហ្រ្គោ ប្រដាក់ ជាសហគ្រាសបង្កើតឡើងដោយស្ត្រីខ្មែរ បានផលិតគ្រាប់ស្វាយចន្ទីកែច្នៃសម្រេចទាំងស្រុងប្រមាណ១៤តោន នាំចេញទៅលក់នៅទីផ្សារប្រទេសអ៊ីតាលីជាលើកដំបូងរបស់ខ្លួនដែរ៕




