
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកសារចំនួន៣ ដែលជាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា-ហ្វីលីពីន ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន...។

ពិធីចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបញ្ចប់ជំនួបពិភាក្សាទ្វេភាគី នៅវិមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជា។ កិច្ចព្រមព្រៀងទាំងនោះ រួមមាន៖ ទី១.អនុស្សរណៈយោគយល់ស្តីពីវិស័យសហប្រតិបត្តិការនានា រវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ កិច្ចព្រមព្រៀងចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ គឺ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ខាងកម្ពុជា ជាមួយភាគីហ្វីលីពីន លោកស្រី ម៉ារៀ ធើរីសា ភី.ឡាហ្សារ៉ូ (Maria Theresa P. Lazaro)។

កិច្ចព្រមព្រៀងទី២.អនុស្សរណៈយោគយល់រវាង ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងគណៈកម្មការឧត្តមសិក្សាហ្វីលីពីន ចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា និងលោកបណ្ឌិត ស៊ែឡី ស៊ី.អាគ្រុបភីស (Shirley C. Agrupis) ប្រធានគណៈកម្មការឧត្តមសិក្សាហ្វីលីពីន។ ទី៣. អនុស្សរណៈយោគយល់ ស្តីពីកិច្ចព្រមព្រៀងស្ដីពីសេវាកម្មអាកាសចរណ៍ទ្វេភាគី ចុះហត្ថលេខាដោយ លោក ជីម ស៊ី. ស៊ីនឌឿងកូ (Jim C. Syndiongco) អនុរដ្ឋលេខាធិការអាកាសចរណ៍ និងអាកាសយានដ្ឋានហ្វីលីពីន និង លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

សូមជម្រាបថា លោកប្រធានាធិបតី ម៉ាកូស បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់កម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩កញ្ញា។ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី និងភរិយា ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងថ្ងៃដំបូងនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានាធិបតីហ្វីលីពីន បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ «ព្រះបរមរតន កោដ្ឋ» នៅវិមានឯករាជ្យ និងបន្តជួបសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា នៅឯវិមានសន្តិភាព៕






