ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ នឹងដាក់ឱ្យពលរដ្ឋឆ្លងកាត់បណ្ដោះអាសន្ន ពីថ្ងៃ៨កញ្ញាទៅ រហូតភ្ជុំរួច
S
Soriya Sou
07 កញ្ញា 2025 07:00 AM

រាជធានីភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងត្រូវដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃស្អែកទៅ រហូតដល់ចប់ពិធីបុណ្យភ្ជុំបិណ្ឌ។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ចុះថ្ងៃទី៦កញ្ញា ឆ្នាំ២០២៥...។

រូបភាព/ រដ្ឋបាលខេត្តក្រចេះ
រូបភាព/ រដ្ឋបាលខេត្តក្រចេះ

បើតាមរដ្ឋបាលខេត្តក្រចេះ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ រដ្ឋបាលខេត្ត នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាបណ្ដោះអាសន្ន ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៨កញ្ញា។ ចំពោះមធ្យោបាយដែលអាចធ្វើដំណើរឆ្លងកាត់បាន មានដូចជា៖ ការធ្វើដំណើរថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ ចាប់ពី១២កៅអីចុះ។ ទោះបីយ៉ាងណាក៏ដោយ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពាននេះ ត្រូវចូលរួមគោរពសណ្តាប់ធ្នាប់ គោរពល្បឿនកំណត់ និងអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចដែលប្រចាំការសម្រួលចរាចរណ៍។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ
លោក វ៉ា ថន អភិបាលខេត្តក្រចេះ

សូមជម្រាបថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ត្រើយខាងកើតស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប១៧៦១ម ទទឹង១៣,៥ម។ ក្រៅពីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ស្ពាននេះក៏ចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជួយជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត