
ក្រុងក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ សម្រេចដាក់ឱ្យដំណើរការ «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩សីហា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ លោកគ្រូ អ្នកគ្រូ មាតាបិតា និងបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ២៨សីហា ២០២៥..។

ការបើកចរាចរណ៍ពិសេសសម្រាប់សិស្សានិសិស្សបេក្ខជនប្រឡងបាក់ឌុបដែលប្រើប្រាស់យានជំនិះ ម៉ូតូ កង់ ឬថ្មើរជើង។ ចំពោះកាលបរិច្ឆេទវិញកំណត់ខុសៗគ្នាទៅតាមថ្ងៃនីមួយៗ រួមមាន៖ ថ្ងៃទី២៧ បើកចាប់ពីម៉ោង១:០០នាទី រហូតដល់ម៉ោង៥:០០នាទីល្ងាច, ថ្ងៃទី២៨ បើកចំនួនពីរដងគឺម៉ោង៥:៣០នាទី រហូតដល់ម៉ោង ៨:០០នាទីព្រឹក ចំណែកពេលរសៀលនឹងបើកចាប់ពីម៉ោង១:០០នាទី រហូតដល់ម៉ោង៦:៣០នាទីល្ងាច។ ដោយឡែក ថ្ងៃទី២៩ បើកនៅម៉ោង ៥:៣០ដល់ម៉ោង៨:០០ព្រឹក និងបើកម្ដងទៀតនៅម៉ោង៤:៣០ ដល់ម៉ោង ៥:៣០នាទីល្ងាច។

សូមជម្រាបថា «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» ត្រូវបានសាងសង់ដោយប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលចិន ប្រមាណ១១៤លានដុល្លារអាម៉េរិក។ ត្រើយខាងកើតនៃស្ពាន ស្ថិតក្នុងភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុងភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប១៧៦១ម៉ែត្រ និងទទឹង១៣,៥ម៉ែត្រ សសរជើងស្ពានចំនួន៣៦ដើម និងផ្លូវនាវាចរណ៍មានទំហំ១០០ម៉ែត្រx១៥ម៉ែត្រ។ កាលពីដើមខែកក្កដាឆ្នាំនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាបប្រកាសថា គ្រោងនឹងបើកឱ្យយានយន្តធុនតូចអាចឆ្លងកាត់បណ្តោះអាសន្ននៅអំឡុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងខែកញ្ញា៕



