
ក្រុងក្រចេះ៖ ប្រជាពលរដ្ឋរស់នៅចំណុចភូមិម្រ៉ើម ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ចំនួន១៧គ្រួសារ សត្វគោ២៣០ក្បាល និងសត្វក្របី៨០ក្បាល ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារជំនន់ទឹកភ្លៀង…។

លោក វិរសេនីយ៍ឯក ប៊ុត នឿន អធិការនគរបាលស្រុកចិត្របុរី បានឱ្យដឹងថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី បានចុះពិនិត្យស្ថានភាពទឹក នៅចំណុចភូមិម្រ៉ើម ឃើញថា ទឹកបានលិចចូលផ្ទះប្រជាពលរដ្ឋសរុបប្រហែល១០០ខ្នងផ្ទះ និងទឹកលិចផ្លូវលំប្រវែង៦០០០ម៉ែត្រ។ ជាមួយគ្នា កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដារ និងលោកមេភូមិ អន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ មកទីទួលសុវត្ថិភាព។

លោកអធិការនគរបាលស្រុក បានណែនាំប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ដែលនៅតែបន្តហក់ជន់ឡើង និងបានផ្តល់លេខទូរសព្ទសម្រាប់ទំនាក់ទំនងបន្ទាន់មកកាន់នគរបាលស្រុក។ សូមជម្រាបថា កាលពីដើមខែកញ្ញាកន្លងទៅ មន្រ្តីក្រសួងធនធានទឹក
និងឧតុនិយម បានព្យាករថា សម្ពាធទាបដែលកើតនៅសមុទ្ទចិនខាងត្បូង
មានឥទ្ធិពលលើសមុទ្ទអាន់ដាម៉ាន់ ឈូងសមុទ្ទថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី
និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ បង្កឱ្យ នៅទូទាំងរាជធានី-ខេត្តក្នុងប្រទេសកម្ពុជា
នឹងមានភ្លៀងធ្លាក់ពី៤០ទៅ៥០ភាគរយ ចាប់ពីថ្ងៃទី៤
ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥៕
រាយការណ៍ដោយ៖ សហការីខេត្តក្រចះ លោក SN





