ទឹកជំនន់លិចដីស្រែចម្ការពលរដ្ឋរាប់រយហិកតា នៅខេត្តបន្ទាយមានជ័យ
អុន សម្ផស្ស
11 កក្កដា 2025 07:30 AM

ក្រុងសិរីសោភ័ណ៖ ភ្លៀងធ្លាក់ដើមរដូវវស្សាឆ្នាំ២០២៥ កើនឡើងខ្លាំងបើធៀបនឹងឆ្នាំមុនៗ បង្ករជាផលប៉ះពាល់ដល់ដំណាំកសិករនៅខេត្តបន្ទាយមានជ័យ​ ជាពិសេសដំណាំដែលទើបដាំដុះប្រមាណជាង១០០០ហិកតា។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម នៅថ្ងៃទី១១កក្កដានេះ...។

មន្ត្រីជំនាញនៃក្រសួងកសិកម្ម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី១០កក្កដា បានចុះពិនិត្យស្ថានភាព និងវាយតម្លៃពីផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង លើដំណាំពលរដ្ឋចំនួន៥ឃុំ-សង្កាត់ក្នុងខេត្តបន្ទាយមានជ័យ រួមមាន៖ ឃុំភ្នំតូច ជាពិសេសតំបន់វាលសារ៉ាយ និងវាលបិតប្រណាក ប៉ះពាល់ដំណាំទើបដាំដុះថ្មី ចំនួន១១៧ហិកតា, ឃុំអូរប្រាសាទ ចំនួន១៦៧ហិកតា ប៉ះពាល់ខ្លាំងចំណុចវាលថ្ងាន់ទ្រេត។ ដោយឡែក នៅស្រុកព្រះនេត្រព្រះ ឃុំប្រាសាទ ដំណាំស្រូវប្រមាណ៧០៧ហិកតា ក៏ត្រូវទឹកជំនន់វាយប្រហារដូចគ្នា។ រីឯក្រុងសិរីសោភ័ណ សង្កាត់ភ្នៀត ប៉ះពាល់ដំណាំស្រូវប្រមាណ៦៩ហិកតា និងខូចខាតចំនួន៣៥ហិកតា ដោយទឹកភ្លៀងចាប់ផ្តើមលិច និងប៉ះពាល់ដីស្រែប្រមាណ១៧ហិកតាផ្សេងទៀតនៅសង្កាត់ម្កាក់ផងដែរ។ 

ចំពោះមុខករណីខាងលើ លោក ស្រ៊ុន សុខុម ទីប្រឹក្សាក្រសួងកសិកម្ម វាយតម្លៃថា ស្រូវកសិករនៅឃុំអូរប្រាសាទ និងឃុំភ្នំតូច ដែលទើបព្រោះថ្មីៗអាចប្រឈមនឹងការខូចខាតប្រសិនបើមិនព្យាយាមបូមទឹកចេញ។ រីឯស្រែទំនាបដែលមានទឹកដក់ជ្រៅ កសិករមិនអាចដាំដុះកើត ត្រូវរង់ចាំដាំដុះនៅពេលមេឃរាំង ហើយទឹកស្រកអស់។ ក្នុងន័យនេះ លោកថា ប្រសិនមានភ្លៀងជាបន្តបន្ទាប់ទៀត ហើយទឹកមិនស្រក កសិករត្រូវរក្សាដីទុកទំនេរដោយរង់ចាំធ្វើស្រូវប្រដេញទឹកវិញ។ ចំណែក នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ដំណាំស្រូវមានការខូចខាតខ្លះដោយសារទឹកលិចយូរពេក ប៉ុន្តែការខូចខាតមិនកើនឡើងទៀតទេ ព្រោះអាជ្ញាធរមូលដ្ឋានបានកាយផ្តាច់ទំនប់ទឹកមួយកន្លែង និងការពារមិនឱ្យទឹកហៀរចូលផ្នែកខាងលិចផ្លូវ ដែលមានដំណាំស្រូវច្រើន។

ចំពោះសង្កាត់ម្កាក់វិញ លោក ស្រ៊ុន សុខុម បញ្ជាក់ថា ទឹកភ្លៀងទើបចូលថ្មីៗមិនទាន់លិចលង់ច្រើនហេតុនេះកសិករអាចសង្គ្រោះបាន ប្រសិនបើព្យាយាមបូបទឹកចេញពីស្រែទាន់ពេលវេលា។ រីឯនៅឃុំប្រាសាទ លោកទីប្រឹក្សាក្រសួងបញ្ជាក់ថា បង្កដោយទឹកហូរពីស្ទឹងចូលតាមព្រែក ប៉ុន្តែទឹកអាចនឹងស្រកចុះវិញ ដោយសារអាជ្ញាធរស្រុក និងខេត្តបានអន្តរាគមន៍កាត់ផ្តាច់ទំបន់ទឹកដែលជារបស់កសិករខ្នាតធំ ដើម្បីរំដោះទឹកទៅបឹងទន្លេសាប និងអន្តរាគមន៍ដាក់របាំងទប់ទឹកមិនឱ្យហូរចូលបន្ថែមពីស្ទឹង។ ចំណុចនេះលោកសង្កត់ធ្ងន់ថា៖«ប្រសិនបើចាត់វិធានការបានទាន់ពេលវេលា ផ្ទៃដីភាគច្រើននៃផ្ទៃដីប៉ះពាល់នឹងអាចសង្គ្រោះបាន»

សូមរំឭកថា តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម រដូវវស្សាឆ្នាំនេះនឹងចាប់ផ្តើមលឿនជាងឆ្នាំមុន។ រីឯបរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំរាយប៉ាយទូទាំងប្រទេស ជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្រសួងក៏ធ្លាប់បានព្រមានថា កម្ពុជានឹងមានធ្លាក់ភ្លៀងពីមធ្យមទៅបង្គួរ និងច្រើន ដែលអាចបណ្ដាលឱ្យកើតមានជំនន់ទឹកភ្លៀងនៅតាមស្ទឹង និងដៃទន្លេ ចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៥ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត