លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញពន្លឿនការសាងសង់ «ឆ្នេរតេជោសន្តិភាពកែប» ដើម្បីទទួលភ្ញៀវកំលុងបុណ្យអុំទូក
S
Soriya Sou
05 កញ្ញា 2025 09:30 AM

ក្រុងកែប៖ លោកបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្ទកម្ពុជា បានជំរុញឱ្យអ្នកជំនាញពន្លឿនការសាងសង់ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» ធ្វើយ៉ាងណាឱ្យភ្ញៀវជាតិ-អន្តរជាតិ អាចចូលលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យអុំទូក នាពេលខាងមុខ…។

លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្ទកម្ពុជា ក្នុងពេលចុះពិនិត្យការសាងសង់ «ឆ្នេរតេជោសន្តិភាពកែប»។
លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្ទកម្ពុជា ក្នុងពេលចុះពិនិត្យការសាងសង់ «ឆ្នេរតេជោសន្តិភាពកែប»។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព ការសាងសង់រមណីយដ្ឋាន «ឆ្នេរតេជោសន្តិភាពកែប» កាលពីរសៀលថ្ងៃទី៤កញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា ស្របពេលរាជធានីភ្នំពេញនឹងផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នោះនៅតាមបណ្តាខេត្តនឹងក្លាយជាទិសដៅនៃការធ្វើដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ខេត្តតំបន់សមុទ្ទ។ «ដូច្នេះ អ្នកម៉ៅការសាងសង់ត្រូវពន្លឿនលើកិច្ចការងារនេះ ធ្វើយ៉ាងណាអាចឱ្យប្រជាពលរដ្ឋចូលលេងកម្សាន្តបាន ក្នុងកំលុងខែវិច្ឆិកាខាងមុខ»។ លោកសង្កត់ធ្ងន់ថា ការពន្លឿនអនុវត្តគម្រោង «ឆ្នេរតេជោសន្តិភាពកែប» ជាការបើកបង្ហាញសមិទ្ធផលថ្មីជូនប្រជាពលរដ្ឋបានស្គាល់ និងជាការទាក់ទាញអ្នកទេសចរចូលមកលេងកម្សាន្តខេត្តកែប កាន់តែច្រើន។

សូមជម្រាបថា គម្រោងអភិវឌ្ឍ «ឆ្នេរតេជោសន្តិភាពកែប» មានប្រវែង២៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ឆ្នេរនេះ ជាឆ្នេរខ្សាច់កម្សាន្ដសាធារណៈកម្រិតខ្ពស់ និងជាទីលម្ហែដ៏ពេញនិយម និងទាក់ទាញអ្នកទេសចរគ្រប់ជាតិសាសន៍ ព្រមទាំងលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចប្រជាជនក្នុងតំបន់។ លោក សោម ពិសិទ្ធ អភិបាលខេត្តកែប បង្ហាញក្ដីរំពឹងទុកថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ ខេត្តកែបនឹងទទួលបានអ្នកទេសចរមកលេងកម្សាន្តច្រើនជាងឆ្នាំកន្លងទៅ ព្រោះខេត្តកែប មានតំបន់ទេសចរណ៍ច្រើនជម្រើស ខណៈឆ្នេរតេជោសន្តិភាពកែប ក៏សាងសង់ជិតរួចរាល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត