លក្ខណៈពិសេសនៃគម្រោង «ឆ្នេរតេជោសន្តិភាពកែប» ដែលមានប្រវែងជិត៣ពាន់ម៉ែត្រ
អុន សម្ផស្ស
15 សីហា 2024 06:50 AM

ខេត្តកែប៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ថា (គ.អ.ឆ.ក) សម្រេចដាក់ឱ្យអនុវត្តបន្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» ដែលមានបណ្តោយ ៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ 

បើតាមសេចក្តីសម្រេចដែល គ.អ.ឆ.ក បង្ហាញនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នោះមានទទឹង៣០ម៉ែត្រ និងជាតំបន់សុវត្ថិភាពហែលទឹកសមុទ្រកម្សាន្ត។ នៅតាមបណ្តោយឆ្នេរខ្សាច់នេះ នឹងមានជញ្ជាំងទប់ដីការពារឆ្នេរសមុទ្រធ្វើពីបេតុងអារម៉េស្របតាមបណ្តោយឆ្នេរ មានផ្លូវថ្មើរជើង២គន្លង ផ្លូវសម្រាប់ជនពិការភ្នែកនៅចំកណ្តាល និងផ្លូវជិះកង់ចំនួន២គន្លង ស្របតាមបណ្តោយឆ្នេរសមុទ្រ។ ទន្ទឹមគ្នានោះក៏មានរៀបចំសួនច្បារប្រវែងយ៉ាងតិច៥០ម៉ែត្រចាក់ខ្សាច់បំពេញបន្ថែម ស្របតាមស្ថានភាពដីរដ្ឋជាក់ស្តែងតាមបណ្ដោយឆ្នេរសមុទ្រ។ វិថីនិងអនុវិថីចូលឆ្នេរសមុទ្រចំនួន៥ខ្សែរួបបញ្ចូលផ្លូវថ្មើរជើង ផ្លូវថ្មើរជើងសម្រាប់ជនពិការភ្នែក និងផ្លូវជិះកង់។  

បន្ថែមលើនោះក៏មានរង្វង់មូលគយគន់ទេសភាព២កន្លែង ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់រូបចម្លាក់លោកយាយជំទាវម៉ៅក្នុងទម្រង់មេទ័ពជាញជ័យ និងរង្វង់មូលទី២ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី២ ដែលគ្រោងរក្សាទុកជាលម្អសាធារណៈសម្រាប់ប្រារព្ធពិធីបុណ្យ និងពិព័រណ៍នានា។ ទន្ទឹមនឹងនោះ ក៏មានទំនប់រលកបេតុងអារម៉េ និងថ្មសម្រាប់ការពារឆ្នេរខ្សាច់ និងសម្រាប់កម្សាន្តសាធារណៈបណ្តោយ១៣៨ម៉ែត្រនៅចុងរង្វង់មូលទី១ មានរៀបចំបណ្តាញលូប្រអប់ទឹកភ្លៀងស្របតាមផ្លូវជិះកង់តាមបណ្តោយឆ្នេរសមុទ្រ និងវិថីនិងអនុវិថីចូលឆ្នេរសមុទ្រទាំង៥ ព្រមទាំងលូស្របតាមបណ្តោយផ្លូវជាតិលេខ៣៣A និងបង្កើតឱ្យមានចំណតរថយន្តសាធារណៈ និងបន្ទប់ទឹកសាធារណៈ ភ្ជាប់ជាមួយនឹងកាហ្វេនៅទីតាំងក្បែររង្វង់មូលគយគន់ទេសភាពទាំងពីរទីតាំង។  

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អះអាងថា ការអនុវត្តគម្រោងទាំងនោះត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវស្របតាមលិខិតអនុញ្ញាត និងកិច្ចសន្យានៃការអនុវត្តគម្រោងប្លង់អភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់«ឆ្នេរតេជោសន្តិភាពកែប»​ សម្រាប់សាធារណជន និងទេសចរ។ ការអភិវឌ្ឍធ្វើលើដីចំណីឆ្នេរសមុទ្រ និងឆ្នេរខ្សាច់ទទឹងយ៉ាងតិច ៨០ម៉ែត្រជាដីសាធារណៈរបស់រដ្ឋសម្រាប់សាធារណជន និងទេសចរចេញចូលកម្សាន្តជាសាធារណៈ។ គ.អ.ឆ.ក នឹងរៀបចំប្លង់លម្អិតសម្រាប់សាងសង់ សួនច្បារសាធារណៈ ដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រ និងប្លង់លម្អិតសម្រាប់រៀបចំឆ្នេរខ្សាច់កម្សាន្ត សាធារណៈកម្រិតខ្ពស់ ព្រមទាំងសេចក្តីណែនាំសម្រាប់ការអនុវត្តការប្រើប្រាស់ និងការថែរក្សាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។  

ហេតុនេះ គ.អ.ឆ.ក និងគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកែប មានភារកិច្ចអនុវត្តតាមដាន ត្រួតពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ។ ដោយឡែក រាល់បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកែប សហគមន៍ និងឯកជនពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខា ២៦ មិថុនា​ ឆ្នាំ២០២៤៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត