បុណ្យភ្ជុំបិណ្ឌ៖ ក្រសួងណែនាំម្ចាស់អាជីវកម្មពង្រឹងគុណភាព សុជីវធម៌ និងរក្សាតម្លៃឱ្យសមរម្យ
S
Soriya Sou
04 កញ្ញា 2025 06:00 PM

រាជធានីភ្នំពេញ៖ ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ កាន់តែខិតជិតមកដល់ ក្រសួងទេសចរណ៍ នៅថ្ងៃទី៤កញ្ញានេះ បានណែនាំដល់ប្រតិបត្តិករទេសចរទាំងអស់ ត្រូវពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានល្អ រក្សាតម្លៃសមរម្យ និងមានសុជីវធម៌ល្អចំពោះភ្ញៀវដែលទៅទទួលសេវាកម្ម…។

លោក ហួត ហាក់ គូសបញ្ជាក់ថា ការពង្រឹងគុណភាព និងការយកចិត្តទុកដាក់លើចំណុចមួយចំនួនរបស់ម្ចាស់អាជីវកម្មទេសចរណ៍ដល់ភ្ញៀវទេសចរដែលទៅទទួលសេវាកម្ម នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នឹងជាផ្នែកមួយជួយលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ។ ដូច្នេះ ក្រសួងសូមណែនាំដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ និងត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ ហើយបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវពិចារណា។

ប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវរៀបចំតុបតែងលម្អទីតាំងអាជីវកម្មរបស់ខ្លួន ដោយបង្ហាញពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណរបស់រាជធានី-ខេត្ត មិនប្រាសចាកពីប្រពៃណីទំនៀមទម្លាប់។ ផ្នែកខាងក្រៅទីតាំងអាជីវកម្ម ត្រូវដាក់បង្ហាញទង់ជាតិកម្ពុជា ខណៈផ្នែកខាងក្នុង ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ចំនួន៣ច្បាប់ ស្របតាមការណែនាំរបស់ក្រសួង។ ម្ចាស់អាជីវកម្ម ត្រូវក្រើនរំឭក​បុគ្គលិកខ្លួនពីសីលធម៌ សុជីវធម៌ រក្សាអនាម័យ និង ចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមឱ្យបានសកម្មនូវយុទ្ធនាការក្រោមទិសស្លោក៖ ១.ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី ទេសចរណ៍ ២.ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព និង៣. បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា។ សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មានសារសំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី២២ ខែកញ្ញាខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត