
(ជ្រុងមួយនៃគំនិត)៖ ជារៀងរាល់ឆ្នាំរាល់ពេលមានថ្ងៃឈប់សម្រាកនៅឱកាសពិធីបុណ្យភ្ជុំបិណ្ឌ មនុស្សម្នាជាច្រើន ជាពិសេសនិស្សិតដែលមកសិក្សា និងធ្វើការនៅរាជធានីភ្នំពេញ តែងតែវិលត្រឡប់ទៅស្រុកកំណើតវិញដើម្បីទៅជួបជុំសាច់ញាតិ និងមិត្តភក្តិនៅឯស្រុក។ ពលរដ្ឋខ្លះចំណាយពេលនៅជាមួយក្រុមគ្រួសារច្រើន ប៉ុន្តែពលរដ្ឋខ្លះទៀតហាក់បីយកពេលវេលាទៅជួបជុំផឹកស៊ីកម្សាន្តលេងជាមួយក្លើច្រើនជាងទៅវិញ។
«ថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ»គឺជាឱកាសល្អបំផុតសម្រាប់ការជួបជុំក្រុមគ្រួសារសាច់ញាតិបងប្អូនជិតឆ្ងាយ និងការធ្វើបុណ្យជុំគ្នា។ ឪពុកម្តាយគ្រប់រូប សុទ្ធសឹងតែនឹករលឹកដល់កូនចៅដែលបែកពីផ្ទះជាយូរខែឆ្នាំមកហើយដើម្បីទៅបន្តសិក្សា និងធ្វើការនៅទីក្រុងភ្នំពេញ។ ម្តាយឪពុកយាយតាឯណាដែលមិនទន្ទឹងរង់ចំាកូនចៅត្រឡប់ទៅស្រុកកំណើតវិញ។ ពួកគាត់គ្រប់រូប ឲ្យតែដឹងថាកូនចៅនឹងមកលេងស្រុកកំណើតម្តងៗ គឺដឹងតែត្រៀមនំណេក និងម្ហូបអាហារផ្សេងៗទុកជាមុន។
កូនៗខ្លះ យូរៗមកលេងផ្ទះម្តង គ្រាន់តែឲ្យឪពុកម្តាយសាច់ញាតិឃើញមុខតែមួយភ្លែត ក៏ប្រញាប់បបួលមិត្តភក្តិរួមភូមិ ឃុំ ស្រុកជាមួយមកផឹកស៊ីសប្បាយរីករាយក្អាកក្អាយ ដោយភ្លេចថាឪពុកម្តាយរង់ចំានៅឯផ្ទះ។ មិនមែនឲ្យតែការជួបជុំជាមួយមិត្តភក្តិ គឺសុទ្ធតែមិនល្អនោះទេ ប៉ុន្តែត្រូវចាំថា ឪពុកម្តាយទម្រាំតែបានជួបមុខកូនម្តងៗ គឺពួកគាត់នឹកនាដល់កូនជារៀងរាល់ថ្ងៃ។ កូនប្រុសស្រីខ្លះ ខិតខំធ្វើម្ហូប បាយសម្ល ដើម្បីប្រគេនព្រះសង្ឃនៅឯវត្ត និងឧទ្ទិសកុសលជូនដល់សាច់ញាតិដែលបានចែកឋានទៅ ដោយភ្លេចលើកបាយសម្លជូនអ្នកមានគុណនៅឯផ្ទះមុន។ ត្រូវចាំថា ការធ្វើបុណ្យជូនព្រះរស់នៅផ្ទះគឺជាការធ្វើបុណ្យប្រកបដោយសេចក្តីសុខចម្រើន។
មាតាបិតាមិនទាមទារអ្វីក្រៅពីចង់ឲ្យកូនចំណាយពេលវេលានៅជាមួយក្រុមគ្រួសារឲ្យបានច្រើននោះទេ។
នេះជាអ្វីដែលពួកគាត់សប្បាយរីករាយបំផុតនៅពេលដែលឃើញមានវត្តមានកូននៅក្បែរ ជាជាងកូនជូនលុយ
និងរបស់របរទៅឲ្យគាត់ទៀត ហើយអ្វីដែលរឹតតែធ្វើឲ្យលោកកាន់តែសប្បាយចិត្តទៀតនោះ
គឺឃើញកូនមានកត្តញ្ញូតាធម៌ចំពោះឪពុកម្តាយ និងចេះធ្វើបុណ្យជូនលោកទាំងទ្វេទាន់លោកនៅមានជីវិត
ទាន់គាត់អាចបរិភោគបាន អាចមើលឃើញ និងអាចស្តាប់ឮ ដូចប្រយោគគេមួយពោលថា «ត្រូវធ្វើបុណ្យ ទាន់ខែភ្លឺ»។
កុំចាំពេលតែពួកគាត់ទទួលលែងបាន ហើយបាននាំគ្នាខិតខំមកមើលថែ ទិញនេះ ទិញនោះជូនដល់ពួកគាត់។ កូនៗខ្លះទៀតមិនត្រឹមតែមិនបានធ្វើបុណ្យទាន់លោកនៅមានជីវិតនោះទេ ដល់ពេលលោកស្លាប់ទៅ ថែមទាំងអុជធូបឲ្យលោកជួយថែរក្សា ជួយឲ្យរកស៊ី និងជួយឲ្យការរស់នៅប្រកបដោយសុខសប្បាយ។
យ៉ាងណាមិញ ក្នុងនាមជាកូន និងជាចៅ ទោះបីជាប់រវល់ភារកិច្ចយ៉ាងណាក៏ដោយ គួរគួប្បីឆ្លៀតពេលនៅជាមួយពួកគាត់ឲ្យបានច្រើន និងបំពេញបំណងតាមអ្នកមានគុណ ធ្វើបុណ្យកុសលតបស្នងគុណជូនដល់លោក ជាពិសេសជូនលោកទៅដើរកម្សាន្តលេងនៅតាមរមណីយដ្ឋានទេសចរណ៍ផ្សេងៗ ដើម្បីបង្កើនបរិយាកាសរីករាយជូនដល់លោកអ្នកមានគុណដែលខិតខំចិញ្ចឹមបីបាច់យើងតាំងពីតូចរហូតដល់ធំពេញវ័យ៕


