
ក្រុងកំពត៖ ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) គឺជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពលដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ និងបម្រើដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ…។

មន្រ្តីសាធារណការ គូសបញ្ជាក់ថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបចំនួន៥៣,៥៣ គីឡូម៉ែត្រ ចាប់ផ្ដើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់៧សង់ទីម៉ែត្រ និងទទឹង១១ម៉ែត្រ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ មន្រ្តីសាធារណការ បន្ថែមថា ផ្លូវជាតិមួយខ្សែនេះ ផ្តល់អត្ថប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ ដែលបាននិងកំពុងប្រែក្លាយតំបន់ឆ្នេរឱ្យក្លាយទៅជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ និងប្រទាក់ក្រឡាគ្នា ដើម្បីរួមចំណែកនៅក្នុងការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

សូមជម្រាបថា កាលពីចុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានសម្រេចចំណាយថវិកា១២១លានដុល្លារ ជាឥទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា លើកគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ រួមជាមួយផ្លូវជាតិលេខ៣៣។ ផ្លូវជាតិលេខ៣១ សាងសង់ឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ CABC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា ក្វាងចូវ វ៉ាន់អាន៕




