តើគួរបញ្ជូនទៅព្រំដែន ឬយ៉ាងណា? ក្មេងទំនើង៤នាក់បង្ហោះម៉ូតូលើផ្លូវសាធារណៈ មហាជនស្នើឱ្យបញ្ជូនទៅសមរភូមិមុខ
S
Sreyleak Yith
03 កញ្ញា 2025 11:00 AM

ក្រុងក្រចេះ៖ កម្លាំងអធិការនគរបាលស្រុកស្នួល បានស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើង៤នាក់ក្នុងចំណោមបក្ខពួក៦នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះ យ៉ាងអានាធិបតេយ្យនៅតាមផ្លូវសាធារណៈ។ យ៉ាងណា មានមហាជនជាច្រើនផ្តល់មតិនៅលើបណ្តាញសង្គមជំរុញឱ្យអាជ្ញាធរបញ្ជូនពួកគេទៅសមរភូមិ ដើម្បីលត់ដំ និងដើម្បីបានស្វែងយល់ពីទុក្ខលំបាករបស់បងៗវីរកងទ័ពការពារទឹកដី...។

យោងតាមមន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ ធ្វើឡើងក្រោយពីមានគណនីហ្វេសប៊ុកឈ្មោះ Thang Jeng កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះវីដេអូឃ្លីបពីសកម្មភាពក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈ មិនកោតញញើតសមត្ថកិច្ចឡើយ។ យ៉ាងណា ក្រោយឃើញបែបនេះ កាលពីថ្ងៃទី២ ខែកញ្ញា លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តក្រចេះ បានចេញបទបញ្ជាដល់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្នួល ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន៤នាក់ និងម៉ូតូចំនួន២គ្រឿង ដែលបានធ្វើសកម្មភាព ចំណែកក្មេងទំនើង២នាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបន្ថែមថា ក្រោយពីសាកសួរក្មេងទំនើងទាំង៤នាក់ខាងលើ ពួកគេបានឆ្លើយសារភាពថា កាលពីវេលាម៉ោង១៥:៣០នាទីថ្ងៃទី១ ខែកញ្ញា ក្រុមរបស់ពួកគេមានគ្នា៦នាក់ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូ៣គ្រឿង បង្ហោះពិតមែននៅតាមបណ្តោយផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦០-២៦១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ សូមជម្រាបថា ក្រុមក្មេងទំនើងទាំង៤នាក់នេះ សមត្ថកិច្ចមិនបានដាក់ទោសទណ្ឌទ្បើយ ដោយគ្រាន់តែធ្វើការអប់រំណែនាំប៉ុណ្ណោះ។

ទោះយ៉ាងណា មានការសំណូមពរជាច្រើនពីមហាជនដែលបានទស្សនាវីដេអូឃ្លីបនោះ ដោយពួកគេស្នើឱ្យអាជ្ញាធរបញ្ជូនក្រុមក្មេងទំនើងទាំងនោះ ទៅកាន់សមរភូមិមុខ ដើម្បីស្វែងយល់ពីទុក្ខលំបាករបស់បងៗកងទ័ពកំពុងឈរជើងការពារទឹកដីពីខ្មាំងឈ្លានពាន ខណៈយុវជនមួយក្រុមនេះ បែរជាធ្វើទង្វើមិនគួរគាប្បី បង្កភាពវឹកវរដល់សង្គមក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបទុក្ខលំបាកពីការឈ្លានពានរបស់ចោរសៀមទៅវិញ។ តើវាសប្បាយខ្លាំងណាស់មែនទេក្នុងកាលៈទេសៈដែលពលរដ្ឋខ្មែរទូទាំងប្រទេស ជួបវិបត្តិប្រឆាំងចោរឈ្លានពានបែបនេះ? តើក្នុងនាមជាយុវជនបន្តវេន ប្អូនៗដែលជាក្មេងទំនើងទាំងនោះស័ក្តិសមមានឈាមជ័រជាខ្មែរដែរឬទេ?..៕ រាយការណ៍ដោយ៖ លោក SN

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត