បង្ហោះម៉ូតូនៅភ្នំពេញមិនអស់ចិត្ត ក្មេងទំនើងមួយក្រុមធំបន្តដំណើតទៅក្រុងព្រះសីហនុ ជាប់អន្ទាក់សមត្ថកិច្ច
យិត​​ ស្រីល័ក្ខ
27 ឧសភា 2024 11:00 AM

ខេត្តព្រះសីហនុ៖ ក្មេងទំនើងមួយក្រុមមានគ្នាចំនួន១២នាក់ ស្កាត់ពីភ្នំពេញដល់ក្រុងព្រះសីហនុ បង្ហោះម៉ូតូតែសំណាងមិនល្អត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនកាលវេលាម៉ោង០១ៈ០០នាទីថ្ងៃទី២៦ឧសភា ឆ្នាំ២០២៤…។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋពាក់ព័ន្ធក្រុមក្មេងទំនើងបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ ភ្លាមៗកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌចេញស្វែងរកតាមចាប់ដល់ចំណុចម្តុំផ្លូវឧតុនិយម ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុក៏ប្រទះឃើញ។ សមត្ថកិច្ចអះអាងថា ក្មេងទំនើងមួយក្រុមនោះ មានគ្នាចំនួន១២នាក់ ត្រូវបានឃាត់ដើម្បីសាកសួរ។ ក្រោយសួរនាំពួកគេបានសារភាពថាពិតជាបានបង្ហោះម៉ូតូមែន​​ ពួកគេមកពីរាជធានីភ្នំពេញហើយបានមកសំរាក១យប់នៅខេត្តកំពត ទើបចេញមកដល់ខេត្តព្រះសីហនុរួចធ្វើសកម្មភាពបង្ហោះម៉ូតូតែម្ដង។ វត្ថុតាងដករហូតពីក្រុមក្មេងទំនើងមានទូរសព្ទចំនួន១២គ្រឿង និងម៉ូតូ០៥គ្រឿង។ បច្ចុប្បន្នករណីខាងលើត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំតាមនីតិវិធី។

គួរជម្រាបថា ពាក់ព័ន្ធនឹងការបង្ក្រាបក្រុមក្មេងទំនើង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥» កាលពីព្រឹកថ្ងៃទី២៣ឧសភា ឆ្នាំ២០២៤ បានថ្លែងដាក់បទបញ្ជាឱ្យអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការដោយគ្មានការលើកលែង ចំពោះក្រុមក្មេងទំនើងដែលបង្កអសន្តិសុខនៅក្នុងសង្គមយ៉ាងអនាធិបតេយ្យ។ យ៉ាងណា ក្រោយការដាក់បទបញ្ជានោះ ស្នងការនគបានលជាតិ ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំដោយចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត៕ រាយការណ៍ដោយភ្នាក់ងារ៖ខេត្តព្រះសីហនុ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត