
រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេឃើញមានករណីក្មេងទំនើងបង្កអំពើហិង្សា និងកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យដែលបណ្តាលឱ្យមានអ្នករងគ្រោះ និងរហូតដល់ស្លាប់ជាបន្តបន្ទាប់ ដែលហេតុការណ៍ទាំងនេះ បានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិឋាន។ មិនត្រឹមតែប៉ុណ្ណោះ ករណីឃាតកម្ម អំពើលួចឆក់ប្លន់ ក៏រួមចំណែកបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមមួយផ្នែកផងដែរ...។

យ៉ាងណា ការយកចិត្តទុកដាក់របស់អាជ្ញាធរមានសមត្ថកិច្ច ដោយអនុវត្តតាមបទដ្ឋានគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការបង្រ្កាបបទល្មើសទាំងនោះ គឺជាកាតព្វកិច្ចចម្បងមួយ ដើម្បីទប់ស្កាត់ភាពចលាចលបណ្តាលមកពីក្រុមក្មេងទំនើងដែលបង្កការកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ ម្យ៉ាងដើម្បីបង្ការទប់ស្កាត់កុំឱ្យមានភាពអសន្តិសុខក្នុងសង្គម។ តាមរយៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងកាលពីថ្ងៃទី២០មីនាថា ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ អាជ្ញាធរបានចេញធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបានប្រមាណ៣២ករណី និងឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៨៤នាក់ឯណោះ។ អ្នកនាំពាក្យរងរូបនេះបន្តថា អាជ្ញាធរបានបង្ក្រាបក្មេងទំនើង៣ករណី ឃាត់ខ្លួនមនុស្ស១៦នាក់ ក្នុងនោះរាជធានីភ្នំពេញមាន២ករណី ឃាត់ខ្លួន១១នាក់ និងខេត្តកំពង់ចាម១ករណី ឃាត់ខ្លួន៥នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ថា ករណីព្រហ្មទណ្ឌអាជ្ញាធរបង្ក្រាបបានចំនួន៥ករណី ឃាត់ខ្លួនមនុស្សបាន៦នាក់។ ក្នុងនោះ រួមមាន៖ ឃាតកម្មដោយអចេតនា លួច ហិង្សាដោយចេតនា និងហិង្សាក្នុងគ្រួសារជាដើម ដែលជាបទមជ្ឈិម។ ចំណែកឯបទឧក្រិដ្ឋ មាន១ករណី គឺករណីប្លន់ទ្រព្យសម្បត្តិ។ ដោយឡែក ករណីគ្រឿងញៀន អ្នកនាំពាក្យរង បន្តថា អាជ្ញាធរបង្ក្រាបបាន២១ករណី ឃាត់ខ្លួនមនុស្សបាន៥៣នាក់ និងរឹបអូសសារធាតុសង្ស័យគ្រឿងញៀនប្រមាណ៥៩,៣៨ក្រាម។ ការបង្រ្កាបបទល្មើសគ្រឿងញៀនធ្វើឡើងក្នុងខេត្តបន្ទាយមានជ័យ កំពង់ធំ មណ្ឌលគិរី ភ្នំពេញ ពោធិសាត់ តាកែវ ត្បូងឃ្មុំ ខណៈនៅថ្ងៃដដែលនោះ កងកម្លាំងនគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់១ករណីនៅខេត្តកំពង់ចាម ឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ។

លោក ទូច សុខៈ គូសបញ្ជាក់បន្ថែមថា ការបង្ក្រាបបទល្មើសទូទៅ គឺជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧ តាមគោលការណ៍«សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី៕





