មីស៊ីលចម្បាំងរបស់បងប្អូនត្រកូល DF ទាំង៣របស់នាគរាជចិន​ កំពុងធ្វើឱ្យលោកខាងលិចស្រឡាំងកាំង និងស្តេចឥន្រ្ទីអាម៉េរិកបះរោម
ហៀប ស៊ីថេត
03 កញ្ញា 2025 06:32 PM

រាជធានីប៉េកាំង៖ នៅក្រោមមេឃស្ងប់ស្ងាត់ ព្យុហយាត្រាដ៏គគ្រឹកគគ្រេងនៅកណ្តាលរដ្ឋធានីប៉េកាំង បានជះស្រមោល និងលាន់ស្នូរយ៉ាងកក្រើកដល់មនុស្សចម្រុះជាតិសាសន៍លើភពផែនដី សម្លឹងមើលក្នុងអារម្មណ៍ព្រឺព្រួច និងខ្លះបះរោមដោយមិនដឹងខ្លួន ជាពិសេស បងធំទី១លើលោក គឺសហរដ្ឋអាម៉េរិក ដែលបានតាមដានយ៉ាងយកចិត្តទុកដាក់។ ព្យុហយាត្រាបង្ហាញពីវង្សត្រកូលនៃមីស៊ីលចម្បាំងរបស់បងប្អូន DF អាចជាចុតហ្មាយប្រាប់ទៅប្រទេសលោកខាងលិច និងសហរដ្ឋអាម៉េរិក ថា សព្វាវុធយោធាចិន មិនទន់ខ្សោយដូចការវាយតម្លៃនាពេលកន្លងមកឡើយ...។

រូបភាព៖ CCTV
រូបភាព៖ CCTV

ខួបលើកទី៨០ នៃទិវាជ័យជម្នះលើប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ចិនបានប្រារព្ធក្បួនដង្ហែយុទ្ធោបករណ៍យោធាដ៏ធំបំផុតមិនធ្លាប់មាន និងចង់បង្ហាញពិភពលោកថា ការវាយតម្លៃពីភាពកម្សោយនៃយុទ្ធោបករណ៍យោធាចិនកន្លងមក គឺជាភាពខុសឆ្គង។ ក្រៅតែពីបង្ហាញយុទ្ធោបករណ៍យោធាដ៏អង់អាចហើយនោះ មេដឹកនាំចិននៅបានបង្ហាញសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់ខ្លួន កូរ៉េខាងជើង និងរុស្ស៊ី គឺជាមិត្តមិនអាចបំបែកបាន។ ដៃខាងស្តាំច្បាមជាប់បុរសខ្លាំង ខ្លាឃ្មុំទឹកកក [វ្ល៉ាឌីមៀ ពូទីន] ចំណែកឯដៃខាងឆ្វេង អង្អែលចង្កូមខ្លាកំណាច [គីម ជុងអ៊ុន] ថ្នមៗ នោះគឺបុរសខ្លាំងដែលមាន រហស្សនាមនាគរាជអាស៊ី [ស៊ី ជីនពីង]។ នៅពេលបុរសខ្លាំងទាំង៣ជួបគ្នាប្រឡែងលេង ចំពោះមុខមេដឹកនាំពិភពលោកដែលត្រូវបានអញ្ជើញឱ្យទៅចូលរួម ពួកគេម្នាក់ៗភ្ញាក់ផ្អើល និងខ្លះសម្លឹងមើលស្ទើរភ្លេចដកដង្ហើម។

តើប្រទេសចិនបានសម្ញែងសព្វាវុធទំនើបៗអ្វីខ្លះ នៅក្នុងពិធីព្យុហយាត្រា...? ហើយថាតើឥទ្ធិពលនៃសព្វាវុធទាំងនោះ មានភាពកាចសាហាវកម្រិតណា..? ជាដំបូង SBM News នឹងនាំអារម្មណ៍ប្រិយមិត្តទៅស្គាល់អាវុធមីស៊ីលរបស់ចិនជាច្រើនប្រភេទ ជាពិសេសអាវុធតួឯកដ៏សំខាន់ ដែលពិភពលោកចង់ដឹង និងចង់ឃើញពីភាពខ្លាំងរបស់វានោះគឺ មីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រ JL-1 ដែលបានបង្អួតរាងយ៉ាងគាប់ភ្នែកនៅលើទ្រូងផ្លូវ កណ្តាលចំណោមមនុស្សដែលបានឈរសម្លឹងឥតដាក់នៅទីលានព្យុហយាត្រាក្នុងរដ្ឋធានីប៉េកាំង។ ដ្បិតមានទំហំតូចជាង មីស៊ីលផ្លោងអន្តរទ្វីបនៅក្រោមទឹក JL-3 ប៉ុន្តែ មីស៊ីលនុយក្លេអ៊ែរ JL-1 និង JL-3 មិនបណ្តើរគ្នាតែមួយគូនេះទេ វាអមដំណើរជាមួយកូនភ្លោះដ៏កំណាច២ផ្សេងទៀត នោះគឺ DF-61 និង DF-31 ដែលជាសរសៃឈាមដ៏សាហាវព្រឺព្រួចរបស់កម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្រទាំងដីគោក ដែនសមុទ្ទ និងផ្លូវអាកាសរបស់កងទ័ពចិន។

មីស៊ីលផ្លោងអន្តរទ្វីប DF-5C, រូបភាព៖ AP
មីស៊ីលផ្លោងអន្តរទ្វីប DF-5C, រូបភាព៖ AP

តួឯកដ៏សំខាន់មួយទៀតនោះគឺ មីស៊ីលផ្លោងអន្តរទ្វីប ត្រកូល DF ដែលជាមីស៊ីលផ្លោងអន្តរទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ជាមួយសមត្ថភាពកំណត់គោលដៅបាញ់ផ្លោងទៅកាន់ទីតាំង១០ផ្សេងៗគ្នាក្នុងពេលតែមួយ។ មីស៊ីលដ៏កំណាចនេះ អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនតោន កម្ទេចគ្រប់គោលដៅទាំងអស់នៅលើពិភពលោក ដែលគ្មានកន្លែងណាដែលវាមិនអាចហោះជ្រែកអាកាសាទៅដល់ឡើយ។ DF-5C អាចសំកាំងខ្លួនហោះនៅលើលម្ហអាកាសបានចម្ងាយជាង១៣០០០គីឡូម៉ែត្រ កំលុងពេលចេញប្រតិបត្តិការសឹក ដែលនេះសបញ្ជាក់ឱ្យឃើញថា បងប្អូនត្រកូល DF ទាំង៣ សុទ្ធតែអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់ ហើយថែមទាំងអាចកម្ទេចគោលដៅនានាដែលពួកវាយល់ថា ជាចំណី។ អាវុធនុយក្លេអ៊ែរ វាមានភាពកាចសាហាវរួចទៅហើយ ប៉ុន្តែបើវាធ្វើដំណើររួមគ្នាជាមួយបងប្អូនត្រកូល DF ទាំង៣ ទៀតនោះ ទំហំនៃការបំផ្លិចបំផ្លាញ គឺវាពិបាកប៉ាន់ស្មានបានណាស់។

រូបភាព៖ CCTV
រូបភាព៖ CCTV

នៅមិនទាន់អស់ត្រឹមនេះទេ មីស៊ីលផ្លោងប្រឆាំងនាវា DF-26D មួយប្រភេទទៀតរបស់ចិនក៏មិនធម្មតាដែរ។ មិនធម្មតាក៏ព្រោះតែ DF-26D អាចធ្វើដំណើរបានរយៈចម្ងាយមធ្យម ហើយអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងក្បាលគ្រាប់ធម្មតា ហោះជ្រែកអាកាសឆ្ពោះតម្រង់រកគោលដៅដែលមានចម្ងាយរហូតដល់ទៅ៥០០០គីឡូម៉ែត្រ។ វាមានរហស្សនាមថា «ឃាតកកោះហ្កាំ» ដែលឈ្មោះនេះ អាចជាសារផ្តាំទៅបងធំអាម៉េរិកផងដែរ ថា DF-26D ជាឃាតកផ្លូវអាកាសតែមួយគត់ដែលអាចទៅកម្ទេចមូលដ្ឋានយោធាជើងទឹកសហរដ្ឋអាម៉េរិកប្រចាំនៅកោះហ្កាំ ប្រសិនបើរដ្ឋធានីវ៉ាស៊ីនតោន ហ៊ានលូកដៃចូលជួយកោះតៃវ៉ាន់។  បន្ថែមលើនេះ ចិននៅមានអាវុធកាចសាហាវមួយប្រភេទទៀត នោះគឺ មីស៊ីលផ្លោង​រយៈ​ចម្ងាយ​មធ្យម DF-17 ដែលមានល្បឿនលឿនជាងសំឡេង ហើយអាចបាញ់បានចម្ងាយ១៨០០គីឡូម៉ែត្រ ទៅ ២៥០០គីឡូម៉ែត្រ។ DF-17 ក៏ជាដៃគូមិនអាចខ្វះបានជាមួយ YJ-21 ដែលជាមីស៊ីលផ្លោងលឿនជាងសំឡេងប្រឆាំងនឹងនាវាជើងទឹករបស់គូសត្រូវ។ មីស៊ីលនេះ ត្រូវបានបំពាក់នៅលើនាវាចម្បាំងពិឃាត Type 055 និងយន្តហោះទម្លាក់គ្រាប់បែក H-6K និងអាចប្រតិបត្តិការបាញ់បានចម្ងាយ១៥០០គីឡូម៉ែត្រ

រូបភាព៖ AP
រូបភាព៖ AP

ចំណែក យានគ្មានមនុស្សបើក GJ-11 ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារគោលដៅច្បាស់លាស់ និងបេសកកម្មឈ្លបយកការណ៍តាមអាកាស វាក៏ត្រូវបានចាត់បញ្ចូលទៅក្នុងផ្នែកអាវុធមីស៊ីលដ៏កាចសាហាវរបស់ប្រទេសចិនដូចគ្នា ព្រោះវាបានបំពាក់ដោយបច្ចេកវិទ្យា​បំបាំងកាយដ៏ទំនើប។ GJ-11 ជាដ្រូនពហុមុខងារ ដើរតួជាឧបករណ៍ចាប់សញ្ញា និងឃ្លាំងផ្ទុកគ្រាប់កាំភ្លើង និងជាជំនួយការដ៏ឆ្លាតវៃសម្រាប់អ្នកបើកយន្តហោះ។ រីឯ មីស៊ីលលឿនជាងសំឡេង CJ-1000 រយៈចម្ងាយឆ្ងាយមិនសូវចេញមុខ ប៉ុន្តែពេលនេះ វាបានបង្ហាញរាងឱ្យគេឯងភ្ញាក់ផ្អើលឯង ជាមួយការរចនាស្រដៀងគ្នាទៅនឹង DF-100 ហើយវាក៏អាចបាញ់បានរយៈចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ មីស៊ីលប្រឆាំងនាវាត្រកូល YJ ផ្សេងទៀតក៏មានដែរ ដូចជា YJ-19 និង YJ-20 ទន្ទឹមនឹង PHL-16 ក៏បានលេចវត្តមាននៅចំពោះមុខមហាជនដូចគ្នា។ ទាំងនេះ សបញ្ជាក់ឱ្យឃើញថា យុទ្ធោបករណ៍របស់ចិនមានភាពទំនើបចម្រុះ និងគួរឱ្យទុកចិត្តបាន ដែលពោរពេញទៅដោយសមត្ថភាពលើការការពារជាតិដ៏រឹងមាំ និងជាបង្ហាញប្រាប់ទៅសម្ព័ន្ធមិត្ត ដែលមានតម្រូវការសព្វាវុធយុទ្ធោបករណ៍របស់ចិនផងដែរ៕

រូបភាព៖ AP
រូបភាព៖ AP
រូបភាព៖ CCTV
រូបភាព៖ CCTV
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត