
រាជធានីភ្នំពេញ៖ គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបានប្រមាណ៦១ភាគរយ ដោយគ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការឱ្យដឹងពីមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម កាលពីយប់ថ្ងៃទី១កញ្ញា..។

មន្រ្តីធនធានទឹក គូសបញ្ជាក់ថា កាលពីថ្ងៃទី១កញ្ញាម្សិលមិញ លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ចុះពិនិត្យជាក់ស្តែងពីវឌ្ឍនភាពនៃគម្រោង និងចុះផ្សព្វផ្សាយស្ដង់ដាសុវត្ថិភាពការងារសាងសង់របស់ JICA នៅតាមទីតាំងអនុវត្តគម្រោង ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ ដំណើរចុះបេសកកម្មពិនិត្យវឌ្ឍនភាពការងារនេះ ក៏មានវត្តមាន លោកហ៊ីកាស៊ី កេនជី (HIGASHI Kenji) ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកផ្នែកគ្រប់គ្រងសុវត្ថិភាពការងាររបស់ទីភ្នាក់ងារ (JICA) និងលោកស្រី អាគីកូ មីយ៉ាស៊ីតា (Akiko MIYASHITA) អនុប្រធានទីភ្នាក់ងារ (JICA) ប្រចាំនៅកម្ពុជា និងតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ រួមជាមួយអាជ្ញាធរមូលដ្ឋាន។

លោកអនុរដ្ឋលេខាធិការ បានក្រើនរំឭកដល់ក្រុមហ៊ុនសាងសង់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក៏ដូចជាបន្តយកចិត្តទុកដាក់លើសុវត្ថិភាពការងារ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅពេលសាងសង់ឱ្យបានជាអតិបរមា តាមរយៈការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់គម្រោង និងបំពាក់ស្លាកសញ្ញាការដ្ឋានឱ្យបានត្រឹមត្រូវច្បាស់លាស់។ លើសពីនេះ លោកអនុរដ្ឋលេខាធិការ ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន បន្តចូលរួមសហការជាមួយក្រុមហ៊ុនសាងសង់។ សូមជម្រាបថា គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ ត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦ខែ ហើយការសាងសង់នេះ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ដែលហៅកាត់ថា (JICA)៕



