ជប៉ុនផ្តល់ឥណទានសម្បទានជាង១៨លានដុល្លារ ដើម្បីស្តារប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកនៅភ្នំពេញ
K
Kimhuoy Klaing
08 មេសា 2023 02:06 AM

រាជធានីភ្នំពេញ៖ ជប៉ុននឹងផ្តល់ឥណទានសម្បទានដែលមានទឹកប្រាក់ចំនួន ២ ៤៨២ លានយ៉េន (ប្រមាណ ១៨,២៤ លានដុល្លារអាម៉េរិក) សម្រាប់គម្រោងប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកក្នុងតំបន់ភាគនិរតី នៃរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។ 

ការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ នៃឥណទានសម្បទានប្រាក់យ៉េន សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះ ទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២» នឹងធ្វើឡើងនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។

គួរបញ្ជាក់ថា ការផ្ដល់ឥណទានខាងលើនឹងចូលរួមចំណែកបង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ៕

រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត