
រដ្ឋធានីប៉េកាំង៖ នៅលើទឹកដីនៃប្រទេសចិន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាច្រើន ក្នុងនោះក៏មាននាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ ផងដែរ។ នៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងធានជីន(Tianjin) នៃប្រទេសចិន នាថ្ងៃដំបូងនៃខែកញ្ញា ឆ្នាំ២០២៥ មេដឹកនាំទាំង២ បានជជែកពិភាក្សាលើបញ្ហាជាច្រើន ដោយបានឯកភាពពន្លឿនការបោះបង្គោលព្រំដែនគោក។ នេះបើតាមសារព័ត៌មានវៀតណាម Vietnam Plus...។

នៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត មេដឹកនាំវៀតណាម លោក ផាម មិញជិញ បានថ្លែងអំណរគុណចំពោះប្រធានគណបក្សប្រជាជន និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចូលរួមខួបលើកទី៨០ នៃបដិវត្តន៍ខែសីហារបស់វៀតណាម និងទិវាជាតិថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៥៥។ នេះបញ្ជាក់ពីឫសគល់នៃទំនាក់ទំនងដ៏ជិតស្និទ្ធិ និងរឹងមាំរវាងប្រទេសក្បែរខាងទាំង២។ លោក ជិញ បានស្នើឱ្យពង្រឹងទំនុកចិត្តនយោបាយបន្ថែមទៀត ការលើកកម្ពស់យន្តការសហប្រតិបត្តិការទ្វេភាគី និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគ និងសកម្មភាពធុរកិច្ចរបស់សហគ្រាសមកពីភាគីទាំងពីរ ឆ្ពោះទៅការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីឡើងដល់២០ពាន់លានដុល្លារនាពេលខាងមុខ។

ជាមួយគ្នា ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម ក៏បានប្តេជ្ញាចិត្តជំរុញតំណភ្ជាប់ការដឹកជញ្ជូន សម្រួលនីតិវិធីឆ្លងកាត់ព្រំដែន និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រជាជាតិទាំងពីរ។ ទាំងមេដឹកនាំកម្ពុជា និងមេដឹកនាំវៀតណាម បានឯកភាពពន្លឿនការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម និងបញ្ចប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងសម្ពោធនៅច្រកទ្វារព្រំដែនតាន់ណាំ-មឿនជ័យ (Tan Nam–Meun Chey)។ លើសពីនេះ មេដឹកនាំទាំង២ ក៏បានផ្លាស់ប្ដូរទស្សនលើបញ្ហាក្នុងតំបន់ និងពិភពលោក ដែលជាកង្វល់រួមផងដែរ៕



