
រាជធានីភ្នំពេញ៖ ស្ថិតក្នុងបរិបទនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ មិនទាន់វិលត្រឡប់ទៅរកសភាពដើម គួបផ្សំនឹងបញ្ហាអគារសិក្សារងផលប៉ះពាល់ខូចខាតពីការវាយប្រហារដោយយោធាថៃផងនោះ រដ្ឋមន្រ្តីក្រសួងអប់រំ ណែនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យដោយផ្ទាល់គ្រប់ទីតាំងត្រូវសាងសង់ និងជួសជុល ព្រមទាំងត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មី តាមជំរំសុវត្ថិភាព ក្នុងករណីស្ថានភាពព្រំដែនមិនទាន់មានស្ថិរភាព…។

តាមរយៈកិច្ចប្រជុំនៅថ្ងៃទី១កញ្ញានេះ ដើម្បីប្រមូលធាតុចូល កែលម្អ និងសម្រេចលើផែនការជួសជុលអគារសិក្សា ដែលរងការខូចខាតពីការវាយប្រហារដោយយោធាថៃ និងផែនការសាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្នសម្រាប់ការរៀន និងបង្រៀន លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ទៅភាគីពាក់ព័ន្ធ ស្នើសុំការត្រួតពិនិត្យសុវត្ថិភាព និងការបោសសម្អាតមីន នៅតាមសាលារៀនដែលរងប៉ះពាល់នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ទន្ទឹមនោះ ក្រុមការងារជំនាញ ត្រូវចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងជាក់ស្តែង ដែលត្រូវសាងសង់ និងជួសជុល ដើម្បីស្វែងយល់ និងសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឱ្យដំណើរការជួសជុល និងសាងសង់ឆាប់រហ័សតាមការគ្រោងទុក ព្រមជាមួយ គោលការណ៍ស្នើសុំសាងសង់ និងជួសជុល ដើម្បីឱ្យទាន់ការបើកបវេសនកាល។

មួយវិញទៀត ត្រូវរៀបចំផែនការយុទ្ធសាស្ត្រស្តារសាលារៀនឡើងវិញ តាមតំបន់ និងរៀបចំសេចក្តីណែនាំសម្រាប់ការបើកបវេសកាលថ្មី នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី គូសរំលេចថា៖«ក្នុងករណីដែលមិនអាចដំណើរការបានដោយសារស្ថានភាពនៅព្រំដែន មិនទាន់មានស្ថិរភាព សូមរៀបចំជាយុទ្ធសាស្ត្របើកបវេសនកាលឆ្នាំសិក្សាថ្មី តាមតំបន់សុវត្ថិភាពដែលអំណោយផលដល់ការរៀន និងបង្រៀន»។ ក្នុងពេលជាមួយគ្នា មន្ត្រីពាក់ព័ន្ធក្រោមឱវាទ ក៏ត្រូវរៀបចំរបាយការណ៍ស្តីពីស្ថានភាពសាលារៀន ដែលរងផលប៉ះពាល់ និងវិភាគរកដំណោះស្រាយ ទីតាំងសម្រាប់ការបង្រៀនដែលសមស្រប ក៏ដូចជាតម្រូវការចាំបាច់ផ្សេងៗ ដើម្បីជួយដល់ដំណើរការរៀន និងបង្រៀន ពោលគឺធ្វើយ៉ាងណា ត្រៀមឱ្យរួចជាស្រេចនូវប្លង់អគារសិក្សាស្ដង់ដារក្រសួង និងការសាងសង់បណ្ណាល័យ បញ្ជីគម្រោងថវិកាសាងសង់ និងជួសជុល។

សូមជម្រាបថា ដើម្បីធានាបានថា សិស្សរស់នៅតំបន់តាមបណ្តោយព្រំដែន នឹងអាចបន្តការសិក្សានៅឆ្នាំសិក្សាថ្មី ២០២៥-២០២៦នេះ ក្រសួងអប់រំ អះអាងថា នៅតែបន្តយកចិត្តទុកដាក់ និងទាក់ទងយ៉ាងដិតដល់ជាមួយមន្ទីរអប់រំក្នុងខេត្តចំនួនពីរនេះ ដើម្បីតាមដានស្ថានភាពរបស់បុគ្គលិកអប់រំ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ សំដៅផ្តល់ការគាំទ្រជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព ឱ្យអស់ពីលទ្ធភាព៕









