
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១កញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួបសំណេះសំណាលជាមួយអាចារ្យ-អាចារិនី ទូទាំងប្រទេស លើកទី១០ ដោយមានអ្នកចូលរួមប្រមាណ១ពាន់នាក់…។

ក្នុងពេលសំណេះសំណាល លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានជំរុញ និងលើកទឹកចិត្តដល់អាចារ្យ-អាចារិនីទាំងអស់ ត្រូវមានសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងល្អជាមួយគណៈកម្មការចៅអធិការវត្ត ព្រមទាំងព្រះមេគណ, ព្រះអនុគណ, មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ, អាជ្ញាធរមូលដ្ឋាន, និងពុទ្ធបរិស័ទ ដោយមិនត្រូវប្រកាន់បក្ខពួក និងរើសអើងវណ្ណៈសង្គម ដើម្បីធ្វើយ៉ាងណាកុំឱ្យមានអធិករណ៍ (វិវាទ ឬជម្លោះ) កើតឡើងក្នុងវត្ត ឬក្នុងមូលដ្ឋានរបស់ខ្លួន។ លោកមានប្រសាសន៍ថា ការចេះសហាការ សាមគ្គីគ្នា មិនប្រកាន់បក្ខពួក ជាការចូលរួមលើកកម្ពស់ និងពង្រឹងការប្រតិបត្តិជំនឿសាសនា កិច្ចប្រតិបត្តិតាមលំនាំប្រពៃណីទំនៀមទម្លាប់ខ្មែរ។

អាចារ្យ-អាចារិនីទាំងអស់ ត្រូវចូលរួមរៀបចំវត្តអារាមឱ្យមានសោភ័ណភាពល្អ សក្តិសមជាទីកន្លែងគោរសក្ការ និងជារមណីយដ្ឋានផ្លូវចិត្តសម្រាប់ពុទ្ធបរិស័ទទូទៅ ស្របតាមអភិក្រម៣របស់ក្រសួងធម្មការ និងសាសនា សម្រាប់វត្តអារាមគឺ រួមមាន៖ ១. ស-ស្អាត, ២.ស-ស្វាង និង៣.ស-ស្ងប់។ ដើម្បីឱ្យសក្តិសមជាព្រឹទ្ធាចារ្យដែលមានបទពិសោធ និងចំណេះដឹងប្រចាំភូមិ-ស្រុក លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ក៏បានជំរុញឱ្យអាចារ្យទាំងអស់ ត្រូវប្រកាន់នូវសប្បុរសធម៌ទាំង៧ឱ្យបានខ្ជាប់ខ្ជួន និងត្រូវបន្តពង្រឹងចំណេះដឹងរបស់ខ្លួន ខិតខំស្រាវជ្រាវគម្ពីរដីកា ក្បួនច្បាប់ របៀបមង្គល និងពិធីបុណ្យផ្សេងៗបន្ថែមទៀត ហើយចងក្រងទុកជាឯកសារ ដើម្បីរួមចំណែកក្នុងការកសាងឯកសារគោលរបស់ក្រសួងធម្មការ និងសាសនាឱ្យកាន់តែមានមូលដ្ឋានច្បាស់លាស់។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងធម្មការ និងសាសនា ដែលបានពង្រីងតួនាទីភារកិច្ច និងក្រមសីលធម៌ដល់អាចារ្យ អាចារិនីខ្មែរតាមគ្រប់រូបភាព ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីឈានឆ្ពោះទៅរកការឯកភាពជាធ្លុងមួយទាំងខាងទស្សន គោលជំហរ និងការប្រតិបត្តិ ក្នុងការងារដឹកនាំពិធីកម្មសាសនា និងទំនៀមទម្លាប់ប្រពៃណី៕




