រដ្ឋមន្រ្តី លើកទឹកចិត្តឱ្យគ្រប់គ្រឹះស្ថានសិក្សាអនុវត្ត «វិធីសាស្ដ្របង្រៀនថ្មី» លើកកម្ពស់គុណភាពអប់រំនៅកម្ពុជា
S
Soriya Sou
21 កក្កដា 2025 12:00 PM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ អនុវត្ត «វិធីសាស្ដ្របង្រៀនថ្មី» ដើម្បី​អភិវឌ្ឍ និងឆ្លើយតបនឹងអាទិភាពកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា…។

មានប្រសាសន៍ក្នុងពិធីអបអរសាទរ សាលាឯកជនមួយកន្លែងទទួលបានសិទ្ធិជាផ្លូវការ ក្នុងការអនុវត្តកម្មវិធីសិក្សាអន្តរជាតិ IB MYP (Middle Years Programme) កាលពីថ្ងៃទី២០កក្កដា លោក ហង់ ជួនណារ៉ុន បានលើកឡើងពីការបន្តសម្រេចដាក់ចេញឱ្យអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ រយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ ដើម្បីឆ្លើយតបទៅនឹងអាទិភាពកំណែទម្រង់អប់រំ ដែលជាកត្តាគន្លឹះ ដើម្បីនាំកម្ពុជាទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកថា បច្ចុប្បន្ន ក្រសួងបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងលើគុណភាពគ្រូបង្រៀន និងសិស្ស, សមត្ថភាពដឹកនាំរបស់គណៈគ្រប់គ្រងសាលា, ការចូលរួមរបស់សហគមន៍ និងការអភិវឌ្ឍគោលនយោបាយអប់រំគាំទ្រ ដើម្បីធានាប្រសិទ្ធភាពកែទម្រង់សាលារៀន ផ្តោតជាសំខាន់លើ «សាលារៀនជំនាន់ថ្មី» និង «សាលារៀនគំរូ»។ ក្នុងនោះ ក្រសួងបានបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូ និងការពង្រឹងសាលារៀនគំរូដែលមានស្រាប់ និងពង្រីកសាលារៀនធម្មតាឱ្យក្លាយជាសាលារៀនគំរូ តាមរយៈការដាក់ឱ្យអនុវត្តទូទៅសម្រាប់សាលារៀនទាំងអស់។

មិនត្រឹមតែប៉ុណ្ណោះទេ «វិធីសាស្ដ្របង្រៀនថ្មី» ក៏ជារឿងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍ និងកែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជាដែរ។ ដូច្នេះ លោករដ្ឋមន្រ្តីអប់រំបានលើកទឹកចិត្តដល់គ្រប់គ្រឹះស្ថានសិក្សា ចូលរួមអនុវត្ត «វិធីសាស្ដ្របង្រៀនថ្មី» ដូចជា៖ ការបង្រៀនតាមបែបគម្រោង, ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន ដែលបានដាក់ឱ្យអនុវត្តនៅសាលារៀនជំនាន់ថ្មី។ លោកក៏បានជំរុញ និងលើកទឹកចិត្តដល់ «ការបង្រៀននិងរៀនមុខវិជ្ជាស្ទែម» និងរៀបចំ «បណ្ណាល័យស្ដង់ដារ» ព្រមទាំងការបន្តលើកកម្ពស់ជីវភាព និងគុណតម្លៃបុគ្គលិកសិក្សាគ្រប់កម្រិត, ការអប់រំឌីជីថល, ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, ការពង្រឹងអភិបាលកិច្ចគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ, ការស្រាវជ្រាវ, ការអភិវឌ្ឍ និងនវានុវត្តន៍នៅតាមសាលារៀន។

យ៉ាងណា លោកបានអរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីការងារដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្ស។ លោកលើកទឹកចិត្តឱ្យបន្តនាំគ្នា សហការរួមចំណែកអនុវត្តកំណែទម្រង់វិស័យអប់រំឱ្យកាន់តែប្រសើរឡើង ក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត