
រាជធានីភ្នំពេញ៖ ដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដំណើរការដោយរលូន លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានណែនាំដល់គណៈមេប្រយោគ និងបុគ្គលិកអប់រំទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត…។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩សីហា ២០២៥។ កាន់តែកៀកដល់ថ្ងៃប្រឡង លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន កាលពីថ្ងៃទី២៤សីហា បានជួបប្រជុំជាមួយគណៈមេប្រយោគ និងគណៈកម្មការនានាសម្រាប់ការប្រឡង ដើម្បីណែនាំពីបច្ចេកទេស តួនាទី ភារកិច្ច និងផ្តល់អនុសាសន៍សំខាន់ៗដល់គណៈមេប្រយោគទាំងអស់ ដើម្បីធានាបានថាការប្រឡងនឹងដំណើរការដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្នុងនោះ លោកបានណែនាំដល់គណៈមេប្រយោគ និងបុគ្គលិកអប់រំទាំងអស់ បន្តចូលរួមគោរពបទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅដោយភាពរលូន និងមានតម្លាភាព។

លោក ហង់ ជួនណារ៉ុន បានប្រកាសបន្តពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង-ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, អគ្គិសនីកម្ពុជា, និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន។ យ៉ាងណាក៏ដោយ លោកក៏បានអរគុណចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត ដែលសហការ និងផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះសិស្សានុសិស្ស និងបុគ្គលិកអប់រំដែលត្រៀមចូលរួមក្នុងការប្រឡង។

សូមជម្រាបថា នៅសល់ពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងចូលមកដល់នៅថ្ងៃទី២៨-២៨ ខែសីហា ខណៈបេក្ខជនប្រឡងនៅឆ្នាំនេះ មានចំនួនជាង១៤ម៉ឺន៦ពាន់នាក់។ លោក ហង់ ជួនណារ៉ុន បានអំពាវនាវឱ្យបេក្ខជនត្រៀមប្រឡងទាំងអស់ ចាំបាច់ត្រូវទៅពិនិត្យបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ឱ្យបានរួចរាល់ ហើយបេក្ខជនត្រូវអានឱ្យបានលម្អិតនូវបទប្បញ្ញត្តិនៃការប្រឡង ដែលក្រសួងបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត។ លោកណែនាំថា បេក្ខជនត្រូវគោរពបទប្បញ្ញត្តិឱ្យបានត្រឹមត្រូវ ជាពិសេស ហាមលាក់ទុកជាប់ខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕



