
រាជធានីភ្នំពេញ៖ សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក សម្រេចផ្តល់ជំនួយសហហិរញ្ញប្បទានថវិកាចំនួន១០០លានដុល្លារអាម៉េរិក និងជំនួយឥតសំណងចំនួន៥លានដុល្លារអាម៉េរិកទៀត បានពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី សម្រាប់ជួយកែលម្អការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា…។

តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចេញផ្សាយថ្ងៃចន្ទទី១កញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា គម្រោងកែលម្អការអប់រំនៅកម្រិតបឋមសិក្សា នឹងជួយពង្រឹងជំនាញអក្ខរកម្ម គណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស ពង្រីកលទ្ធភាពទទួលបានសេវាអប់រំកុមារតូច ការថៃទាំកុមារ, កែលម្អគុណភាពនៃការបង្រៀន, និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន។ ក្នុងនោះ គម្រោងនឹងជួយដល់ការបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈចំនួន៦០កន្លែង និងថ្នាក់មត្តេយ្យសិក្សាថ្មីចំនួន៦០ថ្នាក់ សំដៅជួយមាតាបិតាដែលកំពុងធ្វើការ ឱ្យមានលទ្ធភាពទទួលបាននូវសេវាថែទាំកុមារមានសុវត្ថិភាព និងមានតម្លៃសមរម្យ ហើយស្របគ្នានោះ ជួយកុមារត្រៀមលក្ខណៈសម្រាប់ចូលរៀននៅកម្រិតបឋម។

ការបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈនេះ រំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់កុមារតូចចាប់តាំងពីកើតដល់អាយុ២ឆ្នាំ ប្រមាណ២២០០នាក់ និងកុមារអាយុពី៣ ដល់៥ឆ្នាំ ជាង៥០០០០នាក់ និងសិស្សបឋមសិក្សាជាង១,៧លាន់នាក់។ ក្រៅពីនោះ គម្រោងនឹងគាំទ្រថវិកាសម្រាប់ការសាងសង់ថ្នាក់រៀនថ្មីចំនួន៩០០បន្ទប់ និងសម្រាប់សង់បន្ទប់ទឹក និងកន្លែងលាងដៃសម្រាប់កុមារា និងកុមារី ដើម្បីកាត់បន្ថយភាពណែនណាន់ក្នុងថ្នាក់ និងបង្កបរិយាកាសសម្រាប់រៀនសូត្រឱ្យបានកាន់តែប្រសើរផងដែរ។ មួយវិញទៀត ដើម្បីពង្រីកកម្មវិធីអំណាន និងកម្មវិធីគណិតវិទ្យាថ្នាក់ដំបូងនៅទូទាំងប្រទេស គម្រោងនឹងផ្តល់ការណែនាំ និងការបង្វឹកដល់គ្រូបង្រៀនជាង៣៧ ០០០នាក់ រួមជាមួយផ្តល់ការបង្រៀនដល់សិស្សរៀនអន់ជាងគេ ដែលជាគោលដៅត្រូវជួយ។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ចាត់ទុកគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន នឹងជួយដោះស្រាយបញ្ហាប្រឈមរបស់សិស្ស ខណៈការវាយតម្លៃនានាបានបង្ហាញថា កុមារជាច្រើនមិនទាន់ទទួលបានជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋានដែលចាំបាច់សម្រាប់ការបន្តការសិក្សា ឬសម្រាប់ទទួលបានការងារដែលត្រូវការជំនាញខ្ពស់នៅឡើយទេ។ ចំណែក លោកស្រី តានញ៉ា ម៉េយ័រ (Tania Meyer) ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖«គម្រោងនេះនឹងជួយធានាថា កុមារទទួលបានជំនាញមូលដ្ឋានដែលពួកគេត្រូវការ ដើម្បីឈានទៅសម្រេចជោគជ័យនៅក្នុងសាលា និងការងាររបស់ពួកគេ នាពេលអនាគត។ ធនាគារពិភពលោកមានមោទនភាពក្នុងការជួយគាំទ្រ ការកសាងប្រព័ន្ធអប់រំមួយកាន់តែរឹងមាំ និងមានភាពធន់ជាងមុន ដែលអាចជួយរៀបចំដល់កុមារកម្ពុជា សម្រាប់ការងារនាពេលខាងមុខ»៕




