
បទយកការណ៍៖ ជារៀងរាល់ឆ្នាំ និស្សិតជាច្រើនមានគម្រោងទៅសិក្សានៅបរទេសតាមសាកលវិទ្យាល័យលំដាប់កំពូលៗនានា។ ការសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យដើរតួយ៉ាងសំខាន់ក្នុងដំណើរត្រាច់ចរស្វែងរកការសិក្សា និងវិជ្ជាជីវៈរបស់អស់លោកអ្នកប្រកបដោយឧត្តមភាព។ ថ្ងៃនេះ SBM News សូមបង្ហាញសាកលវិទ្យាល័យល្អបំផុតទាំង៥លើលោក ឆ្នាំ២០២៤ ដោយយោងទៅតាម QS World University Ranking 2024 ដើម្បីសម្រួលដល់ប្អូនៗដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេស...។

លំដាប់ទី១៖ វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (Massachusetts Institute of Technology) គឺជាសាកលវិទ្យាល័យឯកជនមួយ ដែលមានមូលដ្ឋាននៅទីក្រុងខេមប្រ៊ីជ Cambridge រដ្ឋម៉ាសាឈូសេត សហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៦១ ដើម្បីផ្តល់កម្មវិធីសិក្សាស្រាវជ្រាវដ៏ល្អបំផុតដល់សិស្សនិស្សិត។ សាកលវិទ្យាល័យដែលជាប់ចំណាត់ថ្នាក់កំពូលក្នុងពិភពលោកនេះ គឺជាសាលាបញ្ចប់ការសិក្សាវិស្វកម្ម មានចំណាត់ថ្នាក់ខ្ពស់បំផុត។ ក្រៅពីនេះ កម្មវិធីសិក្សាដ៏ពេញនិយមផ្សេងទៀតរួមមាន៖ គីមីវិទ្យា រូបវិទ្យា គណិតវិទ្យា ចិត្តវិទ្យា និងសេដ្ឋកិច្ច។

លំដាប់ទី២៖ សាកលវិទ្យាល័យខេមប្រីដជ៍ (University of Cambridge) គឺជាសាកលវិទ្យាល័យដ៏ចំណាស់ជាងគេមួយរបស់ពិភពលោក ដែលបានចាប់កំណើតនៅលើទឹកដីនៃចក្រភពអង់គ្លេសតាំងពីឆ្នាំ១២០៩។ សាកលវិទ្យាល័យនេះ ផ្ដល់ជូននូវការអប់រំដែលមានគុណភាពខ្ពស់បំផុតក្នុងផ្នែកវិទ្យាសាស្រ្តសង្គម សិល្បៈ មនុស្សសាស្ត្រនិងវិទ្យាសាស្រ្ត និងវិស្វកម្ម។

លំដាប់ទី៣៖ សាកលវិទ្យាល័យអកហ្វដ (University of Oxford) គឺជាសាកលវិទ្យាល័យចំណាស់ជាងគេបំផុតនៅក្នុងពិភពលោក ដែលនិយាយភាសាអង់គ្លេស។ សាកលវិទ្យាល័យនេះ ប្រហែលបង្កើតឡើងនៅដើមសតវត្សរ៍ទី១១ នៅទីក្រុងអកហ្វដ ប្រទេសអង់គ្លេស។ សាកលវិទ្យាល័យនេះ មាននិស្សិតសរុបចំនួន ២២០០០នាក់ ហើយប្រហែលពាក់កណ្តាលនៃពួកគេជានិស្សិតថ្នាក់បរិញ្ញាបត្រ ខណៈដែល៤០ភាគរយជានិស្សិតអន្តរជាតិ។ ជំនាញសិក្សាមានគុណភាពខ្ពស់បំផុតនៅក្នុងសាកលវិទ្យាល័យនេះរួមមាន៖ មនុស្សសាស្ត្រ គណិតវិទ្យា រូបវិទ្យា និងវិទ្យាសាស្រ្តជីវិត។ ជាការពិត ភាពខ្លាំងពិសេសរបស់សាកលវិទ្យាល័យនេះ គឺវិទ្យាសាស្រ្ត។

លំដាប់ទី៤៖ សាកលវិទ្យាល័យហាវ៉ាដ (Harvard University) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៦៣៦។ សាកលវិទ្យាល័យនេះ គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេបំផុតមួយនៅសហរដ្ឋអាម៉េរិក ហើយត្រូវបានចាត់ទុកយ៉ាងទូលំទូលាយទាក់ទងនឹងឥទ្ធិពល កេរ្តិ៍ឈ្មោះ គុណភាព និងគុណតម្លៃនៃការសិក្សា។ មែនទែនទៅ សាកលវិទ្យាល័យមួយនេះមិនត្រឹមតែឈានមុខគេនៅសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ល្បីសុះសាយពាសពេញពិភពលោកផងដែរ ដោយស្ទើរតែ៣០ភាគរយនៃនិស្សិតសរុប គឺមកពីជាង ១៥០ប្រទេសនៅលើពិភពលោក។ មុខវិជ្ជាសំខាន់ៗមួយចំនួនដែលផ្តល់ដោយសាកលវិទ្យាល័យហាវើដគឺ៖ វិទ្យាសាស្រ្តកុំព្យូទ័រ ប្រវត្តិសាស្ត្រ វិទ្យាសាស្រ្តសង្គម វិទ្យាសាស្រ្តជីវសាស្ត្រ ច្បាប់ និងគណិតវិទ្យា។

លំដាប់ទី៥៖ សាកលវិទ្យាល័យស្ទែនហ្វដ ( Stanford University) គឺជាសាកលវិទ្យាល័យស្រាវជ្រាវឯកជនមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩១។ សាកលវិទ្យាល័យនេះ ត្រូវបានដាក់ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំងប្រាំនៅលើពិភពលោក។ សាកលវិទ្យាល័យស្ទែនហ្វដមានទីតាំងនៅចំកណ្តាលស៊ីលីកូន វ៉ាលឡេយ៍ Silicon Valley ភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា ជាកន្លែងសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងក្រុមហ៊ុនចម្រុះជាតិសាសន៍ដូចជា Yahoo!, Google, Microsoft និងHewlett-Packard ជាដើម៕



