
ចំណេះដឹងទូទៅ៖ សិទ្ធិទទួលបានការអប់រំ គឺជាសិទ្ធិអំណាចមួយដែលមានមកតាំងពីកំណើត ខណៈការទទួលបានការអប់រំប្រកបដោយគុណភាព គឺជាសិទ្ធិជាមូលដ្ឋានសម្រាប់កុមារគ្រប់រូប។ ទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍ ការអប់រំមានសារសំខាន់ណាស់ ទន្ទឹមនឹងប្រទេសកំពុងអភិវឌ្ឍត្រូវការការអប់រំជាចាំបាច់ ដើម្បីដើរតាមឱ្យទាន់ប្រទេសអភិវឌ្ឍក្នុងឆាកអន្តរជាតិ។ ថ្ងៃនេះ SBM News នឹងលម្អិតអំពីអត្រាកុមារចុះឈ្មោះចូលរៀន ក្នុងការអប់រំបឋមសិក្សានៅទូទាំងបណ្តាអាស៊ានដោយគិតត្រឹមឆ្នាំ២០២៣។ ចាំមើលទាំងអស់គ្នា តើកម្ពុជាស្ថិតនៅលេខរៀងទីប៉ុន្មាន? ហើយមានប៉ុន្មានភាគរយ?

នៅពេលដែលគេនិយាយរឿងអប់រំ គេតែងស្រមៃគិតទៅដល់ប្រទេសសិង្ហបុរី ព្រោះប្រព័ន្ធអប់រំសិង្ហបុរី តែងរីកចម្រើនឆ្ពោះទៅមុខជានិច្ច។ ប្រាកដមិនខុសទេ..! ប៉ុន្តែ តើលោកអ្នកមានដឹងទេ..ក្រៅតែពីវិស័យផ្សេងៗ វៀតណាមក៏កំពុងបោះជំហានយ៉ាងលឿនស្លេវ ដូចផ្លេកបន្ទោរទៅក្នុងវិស័យអប់រំនេះផងដែរ។ ជាក់ស្តែង ទិន្នន័យរបាយការណ៍ អត្រាកុមារចុះឈ្មោះចូលរៀនក្នុងការអប់រំបឋមសិក្សារបស់វៀតណាម គឺហក់ឡើងកម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២៣ ស្មើទៅនឹងប្រទេសសិង្ហបុរីដែរ ដោយមានអត្រាកុមារចុះឈ្មោះចូលរៀនចំនួន៩៩,១ភាគរយ។

ក្រៅពីសិង្ហបុរី និងវៀតណាម ថៃជាប្រទេសបន្ទាប់ដែលមានអត្រាកុមារចុះឈ្មោះចូលរៀនបឋមសិក្សារហូតដល់៩៨,២ភាគរយ។ បន្ទាប់មកទៀតគឺ ប្រទេសឥណ្ឌូណេស៊ី មានអត្រាកុមារចុះឈ្មោះចូលរៀនសរុបចំនួន៩៧,៩ភាគរយ។ មិនអន់ប៉ុន្មានទេ! ឡាវ មានអត្រាកុមារចុះឈ្មោះចូលរៀនរហូតដល់៩៧,៧ភាគរយ តាមពីក្រោយដោយ ប្រទេសប្រ៊ុយណេ មានអត្រាកុមារចុះឈ្មោះចូលរៀនចំនួន៩៧,៥ភាគរយ។

តាមពីក្រោយយ៉ាងប្រកៀកនោះគឺ ម៉ាឡេស៊ី មានអត្រាកុមារបានចូលរៀនបឋមសិក្សាចំនួន៩៧,៤ភាគរយ ទន្ទឹមនឹងហ្វីលីពីនមានចំនួន៨៧,៧ភាគរយ។ ដោយឡែក កម្ពុជាយើងមានអត្រាកុមារចុះឈ្មោះចូលរៀនបឋមសិក្សាសរុបចំនួន៨៦,៨ភាគរយ។ សង្វេគណាស់ ប្រទេសញ៉ាំញីដោយវិបត្តិសង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា ស្ថិតនៅបាតតារាងដោយកុមារនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានឱកាសបានចុះឈ្មោះចូលរៀនបឋមសិក្សាត្រឹមតែ៥៤,៨ភាគរយប៉ុណ្ណោះ ពីព្រោះភ្លើងសង្គ្រាមបានក្លាយជារនាំងបាំងបិទកាលានុវត្តិន៍ភាពនៃការសិក្សារបស់ពួកគេ៕





