
រាជធានីភ្នំពេញ៖ ស្របពេលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងអនុវត្តបទឈប់បាញ់ បងធំពិភពលោកលំដាប់ទី២ នាគរាជចិន បង្ហាញជំហរគាំទ្រចំពោះការអនុវត្តយន្តការនេះ ព្រមទាំងអះអាងថា នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ…។

ការលើកឡើងពីគោលជំហរចិន ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង លោក វ៉ាង ហូនឹង (王沪宁) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងមេដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ(បូក) ដែលប្រព្រឹត្តនៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈជំនួបផ្ទាល់មុខកាលពីថ្ងៃទី៣១សីហា ប្រធានសភាចិនលោក វ៉ាង ហូនឹង សម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយបានចាត់ទុកវត្តមានរបស់មេដឹកនាំកម្ពុជា នៅចិន នាពេលនេះ គឺបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅលើការពង្រឹងទំនាក់ទំនងជាប្រពៃណី និងយូរអង្វែងទ្វេភាគី។

ដោយឡែក ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានស្នើមិត្តចិន ជំរុញឱ្យភាគីថៃជ្រើសយកយន្តការដោះស្រាយបញ្ហាដោយសន្តិវិធីចៀសវាងការប្រើប្រាស់កម្លាំងយោធា មកដោះស្រាយបញ្ហាជម្លោះព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេស នៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ ទន្ទឹមនោះ ភាគីកម្ពុជា ក៏បានជំរុញភាគីចិន ជំរុញភាគីថៃដោះស្រាយបញ្ហាព្រំដែន តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ដែលនៅជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។

ជាការឆ្លើយតប ពាក់ព័ន្ធបញ្ហាព្រំដែននេះ ចិនអះអាងថា គាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា-ថៃ ឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។ លោក វ៉ាង ហូនឹង សង្កត់ធ្ងន់ថា៖«ចិននឹងបន្តតាមដានដោយយកចិត្តទុកដាក់ ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបន្តធ្វើកិច្ចការ ដើម្បីជួយដោះស្រាយបញ្ហានេះ»។

ទន្ទឹមនោះ លោកក៏បានថ្លៃងថា ទំនាក់ទំនងកម្ពុជា-ចិន ឆ្លងកាត់ការសាកល្បងនៃការប្រែប្រួលសភាពការណ៍អន្តរជាតិ និងកាន់តែមានភាពរឹងមាំ និងស្ថិតស្ថេរយូរអង្វែង។ លោកគូសរំលេចបន្ថែមថា ក្នុងជំនួបការងារទ្វេភាគីកាលពីថ្ងៃទី៣០សីហា លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីធ្វើឱ្យទំនាក់ទំនង ចិន-កម្ពុជា កាន់តែស៊ីជម្រៅថែមទៀត។ ក្នុងបរិបទនេះ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ៕



