
រាជធានីភ្នំពេញ៖ សហគ្រាសទេសចរណ៍ធំៗនៅរដ្ឋធានីប៉េកាំង និងទីក្រុងធានជីង ចំនួន១០ស្ថាប័ន បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើសក្តានុពលទេសចរណ៍របស់កម្ពុជា និងបានឯកភាពជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចបន្ថែមឱ្យកាន់តែច្រើនមកកាន់កម្ពុជា។ នេះបើតាមការផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥...។

ការឯកភាពនេះ គឺនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានសហគ្រាសទេសចរណ៍ធំៗ ដ៏មានសក្តានុពលមកពីរដ្ឋធានីប៉េកាំង និងក្រុងធានជីងចំនួន១០ស្ថាប័ន នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីល្ងាចថ្ងៃទី៣០សីហា។ ក្នុងជំនួបនោះ លោក ហួត ហាក់ បានគូសបញ្ជាក់ពីការធានាលើសុខសុវត្ថិភាពជូនភ្ញៀវទេសចរអន្តរជាតិ ដែលផ្ដល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្ហាញពីសក្ដានុពលទេសចរណ៍កម្ពុជាដល់លោក-លោកស្រី ដែលជាប្រធានសហគ្រាសទេសចរណ៍។

ជាពិសេស គោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍សម្បូរបែប បដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ ម្ហូបអាហារដ៏ឆ្ងាញ់ពិសា និងមានគ្រប់ជម្រើស។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានជម្រាបប្រធានសហគ្រាសទេសចរណ៍ ពីឱកាសមាសសម្រាប់វិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា ជាទីផ្សារមានសក្តានុពល និងវិស័យដែលមានសក្តានុពលនានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីរដ្ឋធានីប៉េកាំង និងក្រុងធានជីង មកទស្សនា និងវិនិយោគ ជាមួយនឹងយន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល។

ក្រោយបានស្ដាប់ពីភាពអំណោយផល កត្តាសុខសុវត្ថិភាព និងសក្ដានុពលក្នុងវិស័យទេសចរណ៍កម្ពុជា ភាគីសហគ្រាសចិន បានឯកភាពជាមួយកម្ពុជា ក្នុងការជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចបន្ថែមមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើន។ ភាគីទាំងពី ក៏បានឯកភាពគ្នា ជំរុញការភ្ជាប់ជើងហោះហើរត្រង់រវាងក្រុងធានជីង រាជធានីភ្នំពេញ និងខេត្តសៀមរាប ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងព័ត៌មានពិតពីកត្តាសុខសុវត្ថិភាព ប្រឆាំងព័ត៌មានក្លែងក្លាយ ព្រមទាំងការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នាឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥ ផងដែរ៕



