
រាជធានីភ្នំពេញ៖ ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់តែជិតមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនត្រៀមប្រឡងទាំងអស់ សូមគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ បើមិនចង់ធ្លាក់ដោយស្វ័យប្រវត្តិ…។

ក្រសួងអប់រំ នារសៀលថ្ងៃទី២១សីហានេះ បានរំឭកឱ្យបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ចាំបាច់ត្រូវទៅពិនិត្យបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ឱ្យបានរួចរាល់ ហើយបេក្ខជនត្រូវអានឱ្យបានលម្អិតនូវបទប្បញ្ញត្តិនៃការប្រឡង ដែលក្រសួងបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត។ មិនមែនត្រឹមតែអាន ប៉ុន្តែបេក្ខជនត្រូវគោរពបទប្បញ្ញត្តិឱ្យបានត្រឹមត្រូវ ជាពិសេស ហាមលាក់ទុកជាប់ខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ ក្រសួងអប់រំបញ្ជាក់បន្ថែម។

សូមជម្រាបថា នៅសល់ពេលតែ១សប្ដាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងចូលមកដល់នៅថ្ងៃទី២៨-២៨ ខែសីហា ឆ្នាំ២០២៥ ខណៈបេក្ខជនប្រឡងនៅឆ្នាំនេះ មានចំនួនជាង១៤ម៉ឺន៦ពាន់នាក់៕




