
រាជធានីភ្នំពេញ៖ ដូចឪពុកម្តាយដទៃទៀតដែរ លោកស្រី ប៉ែន សារី ត្រូវតែចំណាយពេលជូនកូនស្រី មកប្រឡង ទោះជារវល់លក់ដូរយ៉ាងណាក៏ដោយ ហើយពេលកូនប្រឡងចប់ ក៏លោកស្រី ត្រូវតែមានវត្តមាននៅចំពោះមុខកូនដែរ។ ជាអ្នកលក់ដូរនៅផ្សារអូរឫស្សី លោកស្រី ត្រូវនៅលក់ផង និងឆ្លៀតទៅលើកទឹកចិត្តកូនស្រីផង ដែលប្រឡងបាក់ឌុបនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ពោលគឺលោកស្រីទៅមកៗ រវាងផ្សារអូរឫស្សី និងវិទ្យាល័យវត្តភ្នំ នាអំឡុងពេលកូនប្រឡង២ថ្ងៃនេះ (ពីថ្ងៃ២៨ ដល់ថ្ងៃ២៩សីហា ២០២៥។

ឈរនៅមុខមណ្ឌលប្រឡង រង់ចាំកូនស្រីចាកចេញពីប្រឡងនៅម៉ោងចុងក្រោយបង្អស់ លោកស្រី សារី បង្ហាញជំនឿចិត្តលើសពី៧០ភាគរយ ដែលកូនស្រីនឹងប្រឡងជាប់បាក់ឌុប។ លោកស្រី មានប្រសាសន៍ថា បើទោះជាកូនស្រី ទទួលលទ្ធផលយ៉ាងណាក៏ដោយ លោកស្រី នៅតែបន្តលើកទឹកចិត្តកូនស្រីដដែល ដើម្បីឱ្យកូនស្រីបន្តដំណើរទៅមុខទៀត។ ងាកមកមើលអាណាព្យាបាលម្នាក់ទៀត គឺលោក វ៉ន ឈុនឡេង។ លោក ក៏រង់ចាំទទួលកូនស្រី នៅមុខវិទ្យាល័យវត្តភ្នំដែរ។ តើជឿជាក់លើកូនស្រីប៉ុន្មានភាគរយ និងសង្ឃឹមថា កូនស្រីទទួលបាននិន្ទេសអ្វី? ពាក់អាវភ្លៀង និងកាន់ឆត្រអំឡុងមេឃកំពុងភ្លៀងស្រិចៗ លោកឪពុកជាយោធារូបនេះ ឆ្លើយទាំងញញឹមថា ឱ្យតែកូនស្រីបានប្រឡងជាប់ គឺសប្បាយចិត្តហើយ។ លោក បន្តថា កូនប្រឹងប្រែអស់ពីសមត្ថភាពហើយ ដូច្នេះ ទោះជាកូនទទួលបានលទ្ធផលយ៉ាងម៉េចក៏ដោយ ក៏លោកព្រមទទួលយក និងគ្មានហេតុផលអ្វីត្រូវបន្ទោសកូនឡើយ។

សូមរំលេចខ្លីថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃទី២៩សីហា ឆ្នាំ២០២៥ ដោយមានបេក្ខជនប្រឡងសរុបជិត១៥ម៉ឺននាក់ នៅតាមមណ្ឌលប្រឡងសរុប២៤១មណ្ឌលទូទាំងរាជធានី-ខេត្ត។ ក្រសួងអប់រំប្រកាសនៅល្ងាចថ្ងៃទី២៩នេះ ដំណើរការប្រឡង បានបិទបញ្ចប់ដោយរលូន។ ក្រសួងគូសរំលេចថា បើទោះបីមានភ្លៀងធ្លាក់នៅរាជធានី- ខេត្តមួយចំនួន ប៉ុន្តែការប្រឡងនៅតែមានដំណើរការដោយរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច និងទំនួលខុសត្រូវខ្ពស់ ពីសំណាក់ គណៈមេប្រយោគទូទាំងប្រទេស មន្ត្រីសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់៕






