ក្រសួងអប់រំ ហាមឃាត់ដាច់ខាតរាល់ការបង្ហោះ «ប្រធានវិញ្ញាសាលើបណ្តាញសង្គម»
អុន សម្ផស្ស
27 សីហា 2025 10:45 AM

រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែសីហា គឺជាថ្ងៃទី១ នៃដំណើរការសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ ក្នុងសម័យប្រឡងឆ្នាំ២០២៥នេះ ក្រសួងអប់រំ បានចេញសេចក្តីណែនាំ មិនឱ្យមានការលួចថតចម្លង ឬបង្ហោះវិញ្ញាសាក្នុងពេលប្រឡង..។

ក្រសួងលើកឡើងថា ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មនានាពីការប្រព្រឹត្តខុស។ ក្រសួងអប់រំ ណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ព្រមទាំងសាធារណជនទាំងអស់ត្រូវជៀសវាងការលួយសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមគ្រប់រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គមនានា។ ដោយក្រសួងចាត់ទុកថា នេះជាទង្វើល្ម់ើសច្បាប់។ ក្រសួងសង្កត់ធ្ងន់ថា៖«ការបង្ហោះប្រធានវិញ្ញាសាលើបណ្តាញសង្គមនានា ជាអំពើហាមឃាត់»

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ «សម័យប្រឡង២៨ សីហា ២០២៥» ត្រូវបានក្រសួងរៀបចំឡើងរយៈពេលពីរថ្ងៃពេញ គឺថ្ងៃទី២៨ និង២៩សីហា ហើយប្រកាសលទ្ធផលប្រឡងនៅទូទាំងប្រទេស ត្រូវធ្វើនៅថ្ងៃទី២០កញ្ញា។ តាមរបាយការណ៍ក្រសួង បេក្ខជនដែលបានចុះឈ្មោះប្រឡងក្នុងឆ្នាំនេះ មានជិត១៥ម៉ឺននាក់(១៤៦ ៧២០) ស្រីជាង៨ម៉ឺននាក់(៨១៤៤២) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្តមានតែត្រឹមតែជាង៤ម៉ឺននាក់(៤០ ៦៧៨) ខណៈបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម មានរហូតដល់ជាង១០ម៉ឺននាក់(១០៦ ០៤២)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត