អភិបាលរងខេត្តក្រចេះ ក្រើនរំឭកបេក្ខជនកុំមានអារម្មណ៍ភិតភ័យនៅពេលប្រទ្បង
S
Sreyleak Yith
28 សីហា 2025 04:30 AM

ក្រុងក្រចេះ៖ នៅព្រឹកថ្ងៃទី២៨សីហានេះ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានលើកទឹកចិត្តបេក្ខជនក្នុងពេលប្រឡងសូមកុំភិតភ័យ ព្រោះការភ័យខ្លាចនឹងធ្វើឱ្យមានការភ្លេចភ្លាំង ដែលជះឥទ្ធិពលអវិជ្ជមានដល់ការសរសេរសំណេរ…។

ការក្រើនរំឭកនេះ ក្នុងឱកាសលោកអភិបាលរងខេត្ត អញ្ជើញអមដំណើរ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យ សម្ដេចតេជោ ហ៊ុនសែន ក្រុងក្រចេះ ។ លោកអភិបាលរង លើកទ្បើងយ៉ាងដូច្នេះថា៖«កុំភិតភ័យ ព្រោះការភ័យធ្វើឱ្យមានការភ្លេចភ្លាំង លើចំណេះដឹងរបស់យើង ហើយចំពោះវិញ្ញាសាមួយណាដែលយើងចេះចាំ ត្រូវធ្វើឱ្យបានមុន កុំនៅសញ្ចឹងគិតធ្វើតាមក្រោយ ត្រូវតាំងចិត្តថា យើងអាចធ្វើបាន និងត្រូវរៀបចំគោលដៅទៅអនាគតឱ្យបានច្បាស់លាស់ ដើម្បីក្លាយជាធនធានមនុស្សចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ»

សម្រាប់ខេត្តក្រចេះ បើតាមការឱ្យដឹងពី លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បញ្ជាក់ថា បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ មានចំនួនសរុប២៦៦៣នាក់ ស្រី១៤៦៨នាក់។ ក្នុងនោះ បេក្ខជនស្វ័យរិនមានចំនួន២៩១នាក់ ធៀបនឹងឆ្នាំ២០២៤ បេក្ខជនស្វ័យរិនថយចុះ៦៧នាក់។ គួរជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ធ្វើឡើងចំនួន២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ខណៈបេក្ខជនប្រឡងនៅឆ្នាំនេះ មានចំនួនជាង១៤ម៉ឺន៦ពាន់នាក់។

ជាមួយគ្នា លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បាន​អំពាវនាវឱ្យបេក្ខជនគោរពបទប្បញ្ញត្តិឱ្យបានត្រឹមត្រូវ ជាពិសេស ហាមលាក់ទុកជាប់ខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕ រាយការណ៍ដោយ៖ សហការីខេត្តក្រចះ លោក SN  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត