
សុខភាព៖ ទម្លាប់មួយចំនួនដែលបានធ្វើប្រចាំថ្ងៃ ខ្លះអាចជះឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពខួរក្បាល។ ដូច្នេះ ដើម្បីពង្រឹងការចងចាំ និងបង្កើនការចងចាំល្អ គួរអនុវត្តទម្លាប់ប្រចាំថ្ងៃល្អៗចំនួន៥ ដែលមានដូចខាងក្រោមនេះ…។

១.គេងឱ្យបានគ្រប់គ្រាន់៖ ការគេងគ្រប់គ្រាន់ជារៀងរាល់យប់ ជាទម្លាប់ដ៏ល្អមួយអាចផ្ដល់ផលវិជ្ជមាន ដល់ប្រព័ន្ធជាច្រើននៅក្នុងរាងកាយ រួមទាំងការផ្ដោតអារម្មណ៍ផងដែរ។ កំលុងពេលគេងខួរក្បាលនឹងធ្វើការជួសជុល ស្ដាររចនាសម្ព័ន្ធ និងមុខងារសំខាន់ៗ។ ផ្ទុយទៅវិញ ការគេងមិនគ្រប់គ្រាន់ អាចរំខានដល់ដំណើរការទាំងនេះ។ ម្យ៉ាងវិញទៀត ការគេងមិនគ្រប់គ្រាន់ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមួយចំនួន រួមមានជំងឺទឹកនោមផ្អែម ធាត់ជ្រុល និងជំងឺបេះដូង។ ២.ធ្វើសមាធិ៖ បើចង់ឱ្យការផ្ដោតអារម្មណ៍កាន់តែប្រសើរឡើង គួរចំណាយពេលខ្លះធ្វើសមាធិជារៀងរាល់ថ្ងៃ។ ពិតណាស់ការធ្វើសមាធិអាចកាត់បន្ថយស្តេស និងការថប់បារម្ភ ព្រមទាំងបង្កើនសមត្ថភាពខួរក្បាលថែមទៀតផង។

៣.ហាត់ប្រាណជាប្រចាំ៖ លំហាត់ប្រាណ អាចជួយសម្រួលដល់លំហូរឈាម ជួយឱ្យខួរក្បាលទទួលបានអុកស៊ីសែនកាន់តែច្រើនក៏ដូចជាសារធាតុចិញ្ចឹមសំខាន់ៗគ្រប់ប្រភេទ។ សូម្បីតែលំហាត់ប្រាណប្រចាំថ្ងៃកម្រិតមធ្យម ក៏អាចបង្កើនមុខងារយល់ដឹងសំខាន់ៗដូចជាការចងចាំ និងការផ្ដោតអារម្មណ៍។ លើសពីនេះ លំហាត់ប្រាណក៏ជួយបញ្ចេញអ័រម៉ូន Endorphins ទៅក្នុងចរន្តឈាមជាអ័រម៉ូនដែលធ្វើឱ្យមានអារម្មណ៍ល្អ និងជួយកាត់បន្ថយស្ត្រេស។ ៤.កាត់បន្ថយការទទួលគ្រឿងស្រវឹង៖ គ្រឿងស្រវឹងក៏អាចប៉ះពាល់ដល់ការចងចាំដូចគ្នា។ ជាតិអាកុលជាសារធាតុ Neurotoxin ហើយការទទួលទានគ្រឿងស្រវឹងលើសកម្រិតជាប្រចាំអាចបំផ្លាញដល់ផ្នែកនៃខួរក្បាលដែលទាក់ទងនឹងការចងចាំ ព្រោះអាចនាំឱ្យខ្វះសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីនB-១ ដែលមានសារសំខាន់ក្នុងការផ្ដល់ថាមពលដល់កោសិកាខួរក្បាល។

៥.បរិភោគអាហារល្អៗ៖ ខួរក្បាលត្រូវការសារធាតុចិញ្ចឹមជាប្រចាំ ដើម្បីរក្សាថាមពល និងដំណើរការបានល្អបំផុតហើយការបរិភោគអាហារមិនល្អច្រើនជ្រុល អាចជះឥទ្ធិពលអវិជ្ជមានដល់ខួរក្បាលទៅវិញ។ អាហារដែលមានជាតិកាបូអ៊ីដ្រាតចម្រាញ់ខ្ពស់ ដូចជាស្ករគ្រាប់ ភេសជ្ជៈបន្ថែមជាតិស្ករ អាចនាំឱ្យជាតិស្ករក្នុងឈាមកើនឡើង និងបំផ្លាញសុខភាពខួរក្បាលបន្តិចម្ដងៗ។ លើសពីនេះ កាបូអ៊ីដ្រាតចម្រាញ់ អាចកាត់បន្ថយមុខងារនៃការចងចាំ និងធ្វើឱ្យការយល់ដឹងថយចុះ។ ជំនួសឱ្យការទទួលទានអាហារដែលមានជាតិស្ករច្រើន គួរបរិភោគអាហារដែលសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹម ដែលអាចជួយដល់ខួរក្បាលដូចជាបន្លែស្លឹកបៃតង ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ទើបជាការប្រសើរ៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ





