
រាជធានីភ្នំពេញ៖ ដោយមើលឃើញពីការលំបាក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្រេចផ្ដល់អំណោយម៉ូតូចំនួន៥០០គ្រឿង ជូនដល់វីរកងទ័ពជួរមុខ ដែលម៉ូតូរងការខូចខាតកំលុងពេលប្រយុទ្ធជាមួយសត្រូវឈ្លានពាន កាលពីថ្ងៃទី២៤កក្កដា ឆ្នាំ២០២៥…។

ម៉ូតូម៉ាកហុងដា វ៉េវ ១១០cc ឆ្នាំផលិត២០២៥ ទាំង៥០០គ្រឿង ត្រូវបានធ្វើពិធីប្រគល់ និងទទួលតាមរយៈលោកអ្នកឧកញ៉ា ទ្រី ភាព បេសកជនពិសេស សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអ្នកតំណាងកងទ័ពជួរមុខនៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៩សីហានេះ។ បន្ទាប់ពីប្រគល់រួច ម៉ូតូទាំងអស់ត្រូវបានដឹកចេញពីឃ្លាំងភ្លាមៗយកទៅកាន់គោលដៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ម៉ូតូ៥០០គ្រឿងនេះ ជាអំណោយជំហានទីមួយប៉ុណ្ណោះ ដោយឡែក ម៉ូតូចំនួន៥០០គ្រឿងផ្សេងទៀត នឹងត្រូវរៀបចំចាត់ចែងប្រគល់ជូនកងទ័ព ក្នុងពេលឆាប់ៗខាងមុខ ដូច្នេះ អំណោយម៉ូតូរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់ជូនវីរកងទ័ពជួរមុខ គឺចំនួន១ពាន់គ្រឿង។ នេះបើតាមការផ្សាយរបស់ក្រសួងព័តមាន។

លោកអ្នកឧកញ៉ា ទ្រី ភាព ថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត មានការគិតគូរខ្ពស់ ចំពោះសុខទុក្ខរបស់កងទ័ពនៅសមរភូមិមុខ ជាពិសេសការខូចខាតម៉ូតូកំលុងពេលសង្គ្រាមនៃការឈ្លានពានរបស់កងទ័ពថៃ ក៏ដូចជាកងទ័ពខ្វះខាតម៉ូតូសម្រាប់ធ្វើមធ្យោបាយ។ ឈរលើស្មារតីនៃការគិតគូរនេះ សម្តេច និងលោកជំទាវបណ្ឌិត ចាត់ចែងរៀបចំម៉ូតូចំនួន១ពាន់គ្រឿង ជូនដល់ពួកគាត់។ នេះសបញ្ជាក់ឱ្យឃើញថា ប្រមុខរាជរដ្ឋាភិបាល ពិតជាមិនមើលរំលងការលំបាករបស់ប្រជាពលរដ្ឋ និង កងទ័ពជួរមុខឡើយ ព្រោះសុខទុករបស់ពលរដ្ឋ និងកងទ័ព ក៏ជាសុខទុក្ខរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា កំលុងពេលសង្គ្រាមឈ្លានដោយកងទ័ពថៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ ក្រៅពីបានធ្វើឱ្យវីរកងទ័ពកម្ពុជាជាច្រើនពលី និងរបួស ការឈ្លានពានមកលើកម្ពុជាពីសំណាក់យោធាថៃនេះ ក៏បានបំផ្លាញទោចក្រយានយន្ត (ម៉ូតូ) និងយានយន្តរបស់ពួកគាត់អស់ជាច្រើនគ្រឿងផងដែរ។ ទន្ទឹមនោះ សង្គ្រាមឈ្លានពាននេះ បានបំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់កម្ពុជា ធ្វើឱ្យពលរដ្ឋជាច្រើនម៉ឺននាក់នៅខេត្តជាប់ព្រំដែន បង្ខំចិត្តចាកចេញពីផ្ទះសម្បែង ទៅរកទីតាំងសុវត្ថិភាពស្នាក់អាស្រ័យ៕





