
រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីរសៀលថ្ងៃទី២៨សីហា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាអាម៉េរិក អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗទ្វេភាគី ជាពិសេសផ្នែកសន្ដិសុខ និងការពារជាតិ...។

តាមរយៈជំនួបផ្ទាល់មុខ ជាមួយមេដឹកនាំកម្ពុជានៅរាជធានីភ្នំពេញ ក្នុងវិមានសន្តិភាព គណៈប្រតិភូសភាអាម៉េរិក ដឹកនាំដោយ លោកស្រី បេដ វេញដាញ (Beth Van Duyne) សមាជិកសភាប្រចាំរដ្ឋតិចសាស, លោកវេជ្ជបណ្ឌិត រីឆាដ ម័គកូមិក (Richard McCormick) សមាជិកសភាប្រចាំរដ្ឋចចជៀរ និងលោក ស៊ូហាស សាប្រានៀម (Suhas Subraanyam) សមាជិកសភាប្រចាំរដ្ឋវឺជីញ៉ា។ ក្នុងជំនួបនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍ប្រាប់ប្រតិភូអាម៉េរិក អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ការអនុវត្តបទឈប់បាញ់ សំដៅឈានទៅរកការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ត្រង់ចំណុចនេះ គណៈប្រតិភូសភាអាម៉េរិក បានបញ្ជាក់ពីជំហររបស់សហរដ្ឋអាម៉េរិក ក្នុងការគាំទ្របទឈប់បាញ់ និងវិលទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ ហើយសហរដ្ឋអាម៉េរិកនឹងបន្តយកចិត្តទុកដាក់តាមដានលើការងារនេះ។

ភាគីទាំងពីរបានគូសរំលេច៖«អំពីការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ ដូចជា វិស័យសន្ដិសុខ និងការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជា ពីសហរដ្ឋអាម៉េរិកមកកម្ពុជាជាដើម»។ ក្រៅតែពីបានពិភាក្សាលើផ្នែកសន្ដិសុខ និងការពារជាតិ សភាអាម៉េរិកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។ លោកស្រី បេដ វេញដាញ បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាម៉េរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគ។ លោកស្រី ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់លោកស្រី ដើម្បីចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានសម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញពីកម្ពុជា។ សម្ដេចក៏បានគូសរំលេចអំពីគោលនយោបាយ និងការដាក់ចេញកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ការធ្វើសម្រួលនីតិវិធីនៃការចុះបញ្ជីវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ការដាក់ចេញនូវគោលនយោបាយការវិនិយោគ ជាក់ស្ដែង ក៏ដូចជាកញ្ចប់វិធានការលើកទឹកចិត្តនានា សំដៅទាក់ទាញវិនិយោគិនបរទេសមកកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត៕







