
រាជធានីភ្នំពេញ៖ ចាប់តាំងពីឆ្នាំ១៩៥០ មកទល់ពេលនេះ ទំនាក់ទំនងការទូតរវាងកម្ពុជា-សហរដ្ឋអាម៉េរិក មានរយៈពេល៧៥ឆ្នាំហើយ ខណៈ៧៥ឆ្នាំនេះ សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ត្រូវបានគេមើលឃើញថា ម្ដងផ្អែម ម្ដងល្វីងជូរចត់។ ប៉ុន្តែសម្រាប់អាណត្តិទី៧នេះ ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសមហាអំណាចសហរដ្ឋអាម៉េរិក ត្រូវបានគេមើលឃើញថា មានភាពវិជ្ជមានគួរឱ្យកត់សម្គាល់។ វិជ្ជមានដែលគួរឱ្យកត់សម្គាល់នោះ នៅត្រង់ថា អាណត្តិរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ហាក់ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីលោកប្រធានាធិបតីទី៤៧ ដូណាល់ ត្រាំ…។

ជាក់ស្តែង ថ្មីៗនេះ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានចូលខ្លួនមកជួយដោះស្រាយបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ ដោយជំរុញឱ្យប្រទេសទាំងពីរ សម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់មួយ ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេនម៉ាឡេស៊ី។ បន្ទាប់មក លោកត្រាំ បានសម្រេចបញ្ចុះពន្ធបដិការជូនកម្ពុជាជាបន្តបន្ទាប់ ពី៤៩ភាគរយ មកនៅត្រឹម១៩ភាគរយ និងនៅយប់ថ្ងៃទី២៧សីហា លោកបានផ្ញើលិខិតអរគុណជូនសម្ដេចធិបតី ដែលបានគាំទ្រលោកជាបេក្ខជនសម្រាប់ទទួលពានរង្វាន់ណូបែលសន្តិភាពពិភពលោក និងបានហៅសម្តេចថា ជាមេដឹកនាំកម្ពុជាឆ្នើម ដែលផ្តល់តម្លៃដល់ជីវិតមនុស្ស និងសន្តិភាព។

ជុំវិញការប្រែប្រួលនៃទំនាក់ទំនងដ៏ល្អប្រសើរនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ថា ទំនាក់ទំនងរវាងកម្ពុជា-អាម៉េរិក មួយរយៈចុងក្រោយនេះ បានវិវត្តទៅរកភាពវិជ្ជមានច្រើន។ វិជ្ជមានច្រើននេះ ក៏ព្រោះតែយើងមានជំហររួមគ្នាមួយចំនួន ជាពិសេស ពាក់ព័ន្ធនឹងតម្លៃនៃសន្តិភាព ដែលការអន្តរាគមន៍ទាន់ពេលវេលារបស់លោកត្រាំ ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ អាចចាត់ទុកជានិមិត្តរូបដ៏សំខាន់មួយ សម្រាប់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ។ លោកបន្ថែមថា តាមរយៈលិខិតលោកត្រាំ ផ្ញើមកកាន់សម្ដេចធិបតី នៅយប់ថ្ងៃទី២៧សីហា គឺជាសូចនាករមួយទៀត ដែលបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់មេដឹកនាំទាំងពីរ ក្នុងការកសាង និងអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងចីរកាល។

លោកបណ្ឌិត គិន ភា គូសបញ្ជាក់បន្ថែមថា មួយវិញទៀត លោកត្រាំ ផ្ដោតខ្លាំងលើសេដ្ឋកិច្ច ពាណិជ្ជម្ម ការអភិវឌ្ឍ សន្តិភាព ជាជាងការផ្ដោតលើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដែលនេះជាមូលដ្ឋានសំខាន់សម្រាប់វឌ្ឍនភាពថ្មីរវាងទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាម៉េរិក។ បើគិតពីមុនឆ្នាំ២០១៧ ទំនាក់ទំនងកម្ពុជា-អាម៉េរិក គឺមានភាពល្អប្រសើរដែរ ព្រោះយើងមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងវិស័យផ្សេងៗទៀត ខណៈមេដឹកនាំប្រទេសទាំងពីរ ក៏បានប្ដេជ្ញាចិត្តកសាងទំនុកចិត្ត និងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់រឹងមាំ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ដែលជាអ្នកតាមដានស្ថានការណ៍នយោបាយដ៏លេចធ្លារនៅកម្ពុជា។

លោកថា៖«[..]ប៉ុន្តែចាប់ពីក្រោយឆ្នាំ២០១៧មក យើងឃើញមានភាពរកាំរកូសច្រើន ជាពិសេស ក្នុងអាណត្តិរបស់លោក ចូ បៃឌិន តែម្ដង ដែលយើងឃើញអវត្តមាននៃការធ្វើសមយុទ្ធរួមគ្នារវាងប្រទេសទាំងពីរ និងការលើកឡើងករណីបញ្ហានយោបាយផ្ទៃក្នុងកម្ពុជាជាច្រើន។ បន្ទាប់មក ចាប់ពីរាជរដ្ឋាភិបាលថ្មី ឆ្នាំ២០២៣ ដឹកនាំដោយសម្ដេចធិបតី ជានាយករដ្ឋមន្រ្តី យើងឃើញទំនោរនយោបាយការបរទេសសហរដ្ឋអាម៉េរិក ហាក់ដូចជាមានការផ្លាស់ប្ដូរច្រើនចំពោះកម្ពុជា ទាំងឥរិយាបទការទូត និងឥរិយាបទនយោបាយ។ ចុងក្រោយនេះទៀតសោត គឺជាពិន្ទុវិជ្ជមានមួយសម្រាប់ទំនាក់ទំនងកម្ពុជា-អាម៉េរិក ដោយសារ លោក ដូណាល់ ត្រាំ បានលើកឡើងពាក់ព័ន្ធនឹងជម្លោះកម្ពុជា-ថៃ ហើយការធ្វើអន្តរាគមន៍របស់លោក បានទាញការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាពិសេសពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជា[..]»។

ដូចគ្នាដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញទំនាក់ទំនងកម្ពុជា-អាម៉េរិក ក្នុងរយៈពេលចុងក្រោយនេះ កំពុងមានសញ្ញាណវិវត្តល្អ។ លោកគូសបញ្ជាក់ថា៖«ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាម៉េរិក បច្ចុប្បន្ន គឺមានដំណើរវិវត្តល្អ ក្នុងទិសដៅស្របគ្នានៃការស្វែងរកសន្តិភាពពិភពលោក និងតំបន់ ពិសេសកម្ពុជាតែម្ដង ក្នុងខណៈពេលមានជម្លោះបង្កឡើងដោយទាហានថៃចូលឈ្លានពាន លោកត្រាំបានចូលខ្លួនមកអន្តរាគមន៍ឱ្យមានកិច្ចសន្ទនាស្វែងរកបទឈប់បាញ់បន្ទាន់ នេះហើយជាអ្វីដែលកម្ពុជាត្រូវការ ដើម្បីធានាសុខសន្តិភាពជូនប្រជាជន និងប្រទេសកម្ពុជា»។ លោកបានកត់សម្គាល់ជុំវិញលិខិតរបស់លោក ដូណាល់ ត្រាំ ដែលបានផ្ញើជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីយប់ថ្ងៃទី២៧សីហា ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ពីភាពជឿជាក់របស់លោក ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្ដល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព។

ភាពរកាំរកូសចុងក្រោយ នៃទំនាក់ទំនងកម្ពុជា-អាម៉េរិក គឺពាក់ព័ន្ធនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ចុះបើពេលនេះ ទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ចាប់ផ្ដើមប្រសើរឡើងច្រើនហើយ តើកម្ពុជាត្រូវបន្តរក្សាចំណងទំនាក់ទំនងល្អបែបនេះ ចៀសវាងមានភាពរកាំរកូសឡើងវិញ? លោកបណ្ឌិត គិន ភា ពន្យល់ថា កម្ពុជាត្រូវការគោលនយោបាយការបរទេសមួយដែលឆ្លាតវៃ និងបត់បែន ដែលអាចធ្វើឱ្យមានទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់ មិនមែនតែសហរដ្ឋអាម៉េរិកមួយទេ។ ប៉ុន្តែយ៉ាងណា រវាងប្រទេសពីរអាចមានទំនាក់ទំនងល្អជាមួយគ្នាបានយូរអង្វែង គឺត្រូវការចរន្តទ្វេទិស។ មានន័យថា ទាំងសហរដ្ឋអាម៉េរិក និងកម្ពុជា ត្រូវមានឆន្ទៈ និងការប្ដេជ្ញាចិត្តជាមួយគ្នាទៅវិញទៅមក ទើបទំនាក់ទំនងនេះអាចរលូន និងមានស្ថិរភាព។ កម្ពុជាត្រូវធ្វើជាប្រទេសមួយដែលគេត្រូវការរហូត កុំឱ្យគេត្រូវការមួយពេលៗដើម្បីសម្រេចរបៀបវារៈ ឬក៏សេណារីយ៉ូភូមិសាស្ត្រនយោបាយរបស់គេ។

កម្ពុជា..ក៏ត្រូវការអ្នកការទូតដែលមានវិជ្ជាជីវៈ យល់ដឹងពីភូមិសាស្ត្រនយោបាយគ្រប់គ្រាន់ និងត្រូវព្យាយាមកាត់បន្ថយភាពអាស្រ័យខ្លាំងទាំងនយោបាយ ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្មទីផ្សារ ទៅលើតែប្រទេសណាមួយ។ មកទល់ពេលនេះ នៅតែមានការលើកឡើងជាចម្ងល់ និងក្ដីបារម្ភថា កម្ពុជាចាប់ផ្ដើមស្និទ្ធជាមួយអាម៉េរិកបែបនេះ តើអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តដែកថែបចិនដែរទេ? ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ផ្អែកតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៣ ប្រទេសកម្ពុជា មានសិទ្ធិ និងអធិបតេយ្យនៃទំនាក់ទំនងជាអន្តរជាតិ គ្រប់បណ្ដាប្រទេសទាំងអស់ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ដូច្នេះ ការធ្វើទំនាក់ទំនងជាមួយប្រទេសមហាអំណាចណាក៏ដោយ ឱ្យតែមានប្រយោជន៍ចំពោះជាតិ និងប្រជាជន ចាំបាច់ណាស់ត្រូវតែមានទំនាក់ទំនង។ លោកថា លើកលែងតែកម្ពុជាទៅចូលរួមក្នុងសម្ព័ន្ធមិត្ត ឬសម្ព័ន្ធយោធាជាមួយប្រទេសណា ឬការតាំងមូលដ្ឋានទ័ពនៅប្រទេសណា ឬអនុញ្ញាតឱ្យតាំងមូលដ្ឋានទ័ពនៅក្នុងប្រទេសរបស់ខ្លួន នោះទើបជារឿងខុស។

លោក យង់ ពៅ បន្ថែមថា កម្ពុជាត្រូវតែមានទំនាក់ទំនងល្អ និងមានតុល្យភាពគ្រប់បណ្ដាប្រទេសទាំងអស់ មិនថាជាមួយសហរដ្ឋអាម៉េរិក ជាមួយចិន ឬបណ្ដាប្រទេសផ្សេងទៀត ដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ។ ចំណុចនេះ លោកបណ្ឌិត គិន ភា ចូលរួមផ្តល់មតិបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជាជាមួយអាម៉េរិក និងទំនាក់ទំនងកម្ពុជា ជាមួយចិន ខុសពីទំនាក់ទំនងប្ដីប្រពន្ធ។ ខុសគ្នា ក៏ព្រោះតែរដ្ឋនិងរដ្ឋ មិនអាចមានទំនាក់ទំនងមួយនិងមួយបានទេ វាអាចធ្វើឱ្យរដ្ឋដួលរលំ។ លោកថា ចិនក៏មានទំនាក់ទំនងល្អគ្រប់បណ្ដាប្រទេស ហើយក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ចិនបានឈរនៅកណ្ដាល ព្រោះចិន ក៏មានទំនាក់ទំនងស៊ីជម្រៅជាមួយប្រទេសថៃដែរ។ ដូច្នេះ កម្ពុជាត្រូវមានគោលនយោបាយមួយដែលឆ្លាតវៃ ធ្វើឱ្យយើងអាចរួមរស់ដោយសុខដុមរមនាជាមួយទាំងចិន និងសហរដ្ឋអាម៉េរិក កុំឱ្យទំនាក់ទំនងល្អរបស់យើងជាមួយប្រទេសមួយ នាំឱ្យមានការខូចខាតទំនាក់ទំនងជាមួយប្រទេសមួយទៀត។

ចិន..ជាមិត្តដែកថែបរបស់កម្ពុជា និងបានដាក់ទុនវិនិយោគអភិវឌ្ឍប្រទេសកម្ពុជា ជាច្រើន។ អាម៉េរិក ក៏បានរួមចំណែកជួយកម្ពុជាដូចគ្នា ហើយក៏ជាទីផ្សារដ៏ធំរបស់កម្ពុជា ក្នុងការនាំចេញផលិតផលលើវិស័យវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង។ ថ្មីៗនេះ ប្រទេសមហាអំណាចទាំងពីរ បានចូលរួមចំណែកសំខាន់ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ។ គេចាំនៅបានថា កន្លងមកមានមតិលើកឡើងបែបចំអកទៅកាន់រាជរដ្ឋាភិបាល ថា រវាងអាម៉េរិក និងចិន តើកម្ពុជាជ្រើសរើសមួយណា? ព្រោះបើកម្ពុជាជ្រើសរើសយកចិន គឺបាន «ស្ពៃ» តែបើកម្ពុជារើសយកអាម៉េរិក គឺបាន «សាច់គោ»។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវការទាំងស្ពៃចិន និងសាច់គោអាម៉េរិក។

ថ្លែងកាលពីកំលុងខែមេសា ឆ្នាំ២០២៥ សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ក្នុងន័យប្រៀបធៀបថា «សាច់គោ និងស្ពៃ» ជាម្ហូបអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ ហើយប្រជាពលរដ្ឋខ្មែរចូលចិត្តបរិភោគ។ សម្ដេចបានសង្កត់ធ្ងន់ថា កម្ពុជានៅតែប្រកាន់គោលនយោបាយអព្យាក្រឹត្យ មិនលម្អៀងទៅកាន់ប្រទេសណាមួយឡើយ៕


