
ក្រុងបាវិត៖ ស្នូរកាំភ្លើងផ្ទុះឡើងជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី២៧សីហា ឆ្នាំ២០២៥ នៅចំណុចផ្លូវម៉ាស៊ីនទឹកកកចាស់ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង...។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ ប៉ា វឌ្ឍនាវឌ្ឍទ្ធី បានបង្ហោះសំណេរភ្ជាប់ជាមួយរូបភាពដែលមានខ្លឹមសារថា កំពុងតែរៀនភាសាចិនសុខៗមិនដឹងថា ជនជាតិចិន ឬវៀតណាម ផ្ទុះអាវុធក្នុងផ្ទះនៅជួលមួយកន្លែងជិត១០គ្រាប់ បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស ភ្លាមៗជនសង្ស័យ បានបើករថយន្តមួយគ្រឿងម៉ាក TOYOTA Prius រត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។ ពលរដ្ឋខាងលើ បន្តថា បន្ទាប់ពីកើតហេតុរួច រូបគាត់បានទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចុះមកអន្តរាគមន៍ និងធ្វើការត្រួតពិនិត្យទីតាំងខាងលើ ដើម្បីធ្វើការស្រាវវែកមុខរកខ្មាន់កាំភ្លើង យកផ្តន្ទាទោសតាមផ្លូវច្បាប់។

ជុំវិញបញ្ហានេះ អង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺពី លោក អែម សុវណ្ណារិទ្ធ អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិត តាមប្រព័ន្ធទូរសព្ទ នៅព្រឹកថ្ងៃព្រហស្សត៍ទី២៨ ខែសីហានេះ ដោយលោកបញ្ជាក់ខ្លីថា កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវទៅលើករណីនេះហើយ ខណៈដើមចមដែលឈានដល់ការបាញ់ប្រហារ និងស្ថានភាពជនរងគ្រោះ រូបលោកនៅមិនទាន់អាចទម្លាយជាសាធារណៈបាននៅឡើយទេ៕




