វៀតណាមជាង៤០នាក់ត្រូវបញ្ជូនចេញពីកម្ពុជា ក្រោយរកឃើញប្រព្រឹត្តខុសច្បាប់
អុន សម្ផស្ស
27 សីហា 2025 03:45 AM

រាជធានីភ្នំពេញ៖ អាជ្ញាធរកម្ពុជា បន្តបញ្ជូនជនជាតិវៀតណាមចំនួន៤៤នាក់ ចេញពីប្រទេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ក្រោយរកឃើញជនជាតិវៀតណាមទាំងនោះ លួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់នៅកម្ពុជា ជាពិសេស ពាក់ព័ន្ធបទល្មើសគ្រឿងញៀន...។  

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃអង្គារទី២៦សីហា ឆ្នាំ២០២៥ បានស៊ើបអង្កេត និងអនុវត្តនីតិវិធីបណ្តេញជនជាតិវៀតណាមចំនួន៤៤នាក់ (ស្រី៨នាក់) ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ក្នុងនោះក៏មានមួយចំនួន មានលិខិតឆ្លងដែន និងមួយចំនួនទៀតគ្មានលិខិតឆ្លងដែនចូលប្រទេសកម្ពុជា។ ក្រៅពីនោះ ក៏មានពាក់ព័ន្ធបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយបានអនុវត្តទោសរួច។ តាមនាយកដ្ឋានស៊ើបអង្កេត ក្នុងចំណោមជនជាតិវៀតណាមដែលបណ្តេញចេញពេលនេះ មានខ្លះទទួលមកពីខេត្តព្រះសីហនុ កោះកុង និងកំពតផ្ទាល់។

សូមរំឭកខ្លីថា ត្រឹមរយៈពេល១ឆមាសដំបូងឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្ដេញជនបរទេសជិត៥ពាន់នាក់ ស្មើនឹង៨៨សញ្ជាតិ ចេញពីប្រទេសកម្ពុជា។ ជនបរទេសទាំងនោះ ភាគច្រើនត្រូវអាជ្ញាធរកម្ពុជា រកឃើញថា បានប្រព្រឹត្តបទល្មើសលួចឆ្លងដែន ចូលមកធ្វើការងារដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត