
រដ្ឋធានីហាណូយ៖ នៅថ្ងៃទី២៥ ខែសីហា វៀតណាមបានប្រកាសបិទអាកាសយានដ្ឋាន បិទសាលារៀន ផ្អាកសកម្មភាពទេសចរណ៍ និងចាប់ផ្តើមការជម្លៀសមនុស្សយ៉ាងគគ្រឹកគគ្រេង ខណៈព្យុះកំណាចដ៏សាហាវបំផុតមួយ កំពុងតែបោះពួយយ៉ាងលឿនស្លេវជិតមកដល់។

ទីភ្នាក់ងារអាកាសធាតុវៀតណាមបានអះអាងថា ព្យុះទីហ្វុងកាជីគី(Kajiki) បានដឹកនាំខ្យល់ក្នុងល្បឿនរហូតដល់ ១៦៦គីឡូម៉ែត្រក្នុង១ម៉ោង ខណៈព្យុះមរណៈនេះខិតកាន់តែជិតនៃឆ្នេរសមុទ្ទភាគកណ្តាលរបស់ប្រទេសវៀតណាម។ គេព្យាករណ៍ថា វានឹងសាហាវកាន់តែខ្លាំង មុនពេលបោកបក់ចូលទឹកដីនៃប្រទេសវៀតណាម។ រដ្ឋាភិបាលវៀតណាមបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៤ ខែសីហាថា នេះគឺជាព្យុះដ៏គ្រោះថ្នាក់បំផុត ព្រោះវាដឹកនាំដោយខ្យល់បោកបក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះទឹកជំនន់ និងការបាក់ស្រុតដី។ ព្យុះកំណាចនេះ ត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារតំបន់មួយនៅចន្លោះខេត្តថាញ់ហាវ(Thanh Hoa) និងញ៉េអាន(Nghe An)។

រដ្ឋាភិបាលវៀតណាមបានបន្តអះអាងថា ព្យុះទីហ្វុងកាជីគី(Kajiki) ត្រូវបានគេរំពឹងថានឹងមានកម្លាំងកួចខ្លាំង ដូចព្យុះទីហ្វុងកំណាចយ៉ាកជីដែរ ខណៈកន្លងទៅព្យុះនេះបានសម្លាប់មនុស្សប្រហែល ៣០០នាក់ និងបំផ្លាញទ្រព្យសម្បត្តិសរុបជាតម្លៃចំនួន ៣,៣ពាន់លានដុល្លារ។ គ្រោះអាសន្នជិតមកដល់ មនុស្សជាងកន្លះលាននាក់បាននឹងកំពុងត្រូវជម្លៀសចេញ ទូកទាំងអស់ត្រូវបោះយុទ្ធការចតនៅលើច្រាំង។ ជាមួយគ្នានេះ អាកាសយានដ្ឋានចំនួន២ នៅក្នុងខេត្តថាញ់ហាវ និងខេត្តក្វាងបិញ ត្រូវបានបិទ ខណៈក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រុមហ៊ុន Vietjet បានលុបចោលជើងហោះហើររាប់សិបជើងទាំងទៅ និងមក។ នេះបើយោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម។ មិនត្រឹមតែប៉ុណ្ណោះ ប្រតិបត្តិការទេសចរណ៍សមុទ្ទ និងតាមឆ្នេរសមុទ្ទ ត្រូវបានផ្អាក ក្រោមហេតុផលសុវត្ថិភាព។ គួរបញ្ជាក់ថា វៀតណាមមានឆ្នេរសមុទ្ទដ៏វែងអន្លាយមួយ ខណៈប្រទេសមួយនេះងាយនឹងទទួលរងនូវឥទ្ធិពលព្យុះកំណាច ដែលតែងតែឆក់យកជីវិតមនុស្ស បង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ស្រុតដី៕



