
ខេត្តសៀមរាប៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ដែលហៅថា «សមរាត្រីប្រាសាទអង្គរ ឬ Equinox Angkor» នឹងកើតមានឡើងរយៈពេល៣ថ្ងៃជាប់ៗគ្នាដូចរាល់ដង ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣កញ្ញា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣សីហា។

ក្រសួងបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី ដែលត្រូវបានស្គាល់ថា ជាបាតុភូតព្រះអាទិត្យរះចំ កំពូលកណ្តាលនៃប្រាសាទអង្គរវត្ត បានស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។
ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺ សមរាត្រីរដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង៥ព្រឹក ដល់ម៉ោង៦កន្លះព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) ដែលអាចនឹងកើត ឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែកញ្ញា វេលាម៉ោង៥ព្រឹក ដល់ម៉ោង៦កន្លះព្រឹក។
ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិពីគ្រប់ទិសទីមកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ក្រសួងទេសចរណ៍ អំពាវនាវភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ចូលរួម ទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕





