
ក្រុងសៀមរាប៖ ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលហៅថា «សមរាត្រី» អាចនឹងកើតឡើងនៅវេលាម៉ោង៥:០០ព្រឹកដល់ម៉ោង៦:៣០ព្រឹក ចន្លោះពីថ្ងៃទី២១ដល់២៣ខែមីនា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី១២មីនា…។

ក្រសួងទេសចរណ៍ គូសបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រីរដូវប្រាំង អាចនឹងកើតឡើងនៅខែមីនា និងលើកទី២សមរាត្រីរដូវវស្សា អាចកើតឡើងក្នុងខែកញ្ញា។ សមរាត្រី គឺជាព្រឹត្តិការណ៍ដ៏ធំ និងជាទីពេញនិយមបំផុតមួយដែលអ្នកទេសចរជាតិ-អន្តរជាតិ មកពីគ្រប់ទិសទីប្រាថ្នាចង់ឃើញទិដ្ឋភាពដ៏មហស្ចារ្យនេះដោយផ្ទាល់ភ្នែកក្នុងមួយជីវិតរបស់ពួកគេ ដោយបាននាំគ្នាមកជួបជុំនៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពអាទិត្យរះឡើងចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត។

ក្រសួងគូសបញ្ជាក់បន្ថែមថា សមរាត្រី ត្រូវបានគេស្គាល់ថា ជាបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរដ៏អច្ឆរិយៈនៃស្នាដៃបុព្វបុរសដូនតាខ្មែរ ដែលស្តែងឱ្យឃើញពីលក្ខណៈពិសេសនៃការគិតគូរពីប្លង់ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំជាមួយជំនឿ បង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។ អាចនិយាយបានថា ព្រឹត្តិការណ៍ពិសេសនេះ ប្រហែលជាអច្ឆរិយកើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ៕




