
សុខភាព៖ បញ្ហាគេងមិនលក់ដោយសារឃ្លានពេលយប់ មនុស្សមួយចំនួនឧស្សាហ៍ជួបពិសេសយុវវ័យៗ ហើយខ្លះទ្រាំគេងទាំងឃ្លានអត់ហ៊ានទទួលទានព្រោះខ្លាចធាត់ តែយ៉ាងណា មានដំណោះស្រាយ បើសិនពិបាកទ្រាំអាចសាកទទួលទានអាហារសម្រន់៥យ៉ាងដែលមានកាទ្បូរីតិច ដូចខាងក្រោមនេះ...។

១.យ៉ាអ៊ួរ៖ យ៉ាអ៊ួរ ជាប្រភពដ៏ល្អនៃប្រូតេអ៊ីនដែលជួយទប់ទល់ចំណង់អាហារ ហើយវាក៏សម្បូរទៅដោយកាល់ស្យូមជួយឱ្យគេងលក់បានស្រួល។ ២.ទឹកក្រឡុកប្រូតេអ៊ីន៖ ទឹកក្រឡុកធ្វើចេញពីទឹកដោះគោ និងផ្លែឈើផ្ដល់ប្រូតេអ៊ីន សម្រាប់ជួសជុលសាច់ដុំ និងមានផ្ទុកសារធាតុ tryptophan ដែលប្រើដើម្បីបង្កើតសារធាតុគីមីខួរក្បាលជួយដល់ការគេង។ ឧទាហរណ៍ ធ្វើទឹកក្រឡុកដោយប្រើទឹកដោះគោមានជាតិខ្លាញ់ទាប ២៤០មិល្លីលីត្រ ជាមួយផ្លែម្នាស់មួយ ឬពីរកូនចាន ផ្ទុកត្រឹមតែ១៦០កាឡូរី។

៣.ផ្លែគីវី៖ ផ្លែគីវី ជាអាហារសម្រន់មួយសម្បូរទៅដោយវីតាមីន C។ យប់ឡើងបើឃ្លានទទួលផ្លែគីវី២ផ្លែ មានកាឡូរីត្រឹមតែ៩៣ប៉ុណ្ណោះ ហើយវាជាប្រភពធម្មជាតិនៃសារធាតុ serotonin ជួយដល់ការសម្រាកបន្ធូរអារម្មណ៍ និងជួយទប់ស្កាត់ចំណង់អាហារ។ ៤.ស៊ុត៖ ស៊ុតមិនមែនជាប្រភេទអាហារសម្រន់ទេ ប៉ុន្តែស៊ុតងាយស្រួលក្នុងការចម្អិន ហើយវាក៏ជាប្រភពនៃប្រូតេអ៊ីន ដែលជួយមិនឱ្យយើងឃ្លានអ្វីច្រើនបន្ថែមទៀត។ ៥.ផ្លែចេក និងប័រ Almond៖ ទទួលទានផ្លែចេកជ្រលក់ជាមួយប៊័រ Almond អាចជួយបង្កើនកម្រិត melatonin ក្នុងរាងកាយដើម្បីជួយឱ្យគេងលក់ស្រួល ហើយវាមានកាឡូរីត្រឹមតែ១៦៥កាឡូរី៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ



