
ក្រុងសៀមរាប៖ បន្ទាប់ពីបានសិក្សាកម្មវិធីអប់រំនៃសម្បត្តិបេតិកភណ្ឌនៅក្នុងថ្នាក់រៀនអស់រយៈពេលជាច្រើនខែ សិស្សានុសិស្សជាកុមារថ្នាក់ទី៥ និងទី៦ នៃសាលាបឋមសិក្សាវត្តលលៃ ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានអនុញ្ញាតឱ្យចុះធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់ នៅប្រាសាទអង្គរវត្ត…។

ដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំដោយក្រុមការងារអប់រំបេតិកភ័ណ្ឌ នៃអាជ្ញាធរជាតិអប្សរា និងលោកគ្រូ អ្នកគ្រូ កាលពីថ្ងៃព្រហស្បតិ៍ទី២១សីហា ដើម្បីឱ្យកុមារសិក្សាពីប្រវត្តិសាស្ត្រតាមលក្ខណៈវិទ្យាសាស្ត្រ ដែលបានបង្ហាញនៅតាមប្រាង្គប្រាសាទជាក់ស្តែង។ ការចុះទស្សនកិច្ចដោយផ្ទាល់នេះ ក៏ដើម្បីជួយឱ្យកុមារបានសិក្សាស្វែងយល់ពីកិច្ចការថែរក្សា អភិរក្សវត្ថុសិល្បៈ ដែលបានមកពីកំណាយស្រាវជ្រាវនានា ធ្វើឱ្យពួកគាត់ក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេន ថែរក្សាមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក។ ក្នុងកំលុងពេលទស្សនកិច្ចសិក្សា កុមារទាំងអស់ទទួលបានការពន្យល់យ៉ាងក្បោះក្បាយជុំវិញព័ត៌មាននៃទីតាំងប្រវត្តិសាស្ត្រ និងកិច្ចការមរតកវប្បធម៌ ពីអ្នកជំនាញ ក្រុមការងារអប់រំបេតិកភ័ណ្ឌ ឌនៃអាជ្ញាធរជាតិអប្សរា។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា។

សូមជម្រាបថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយដៃគូអន្តរជាតិ មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានបង្កើតឱ្យមានកម្មវិធីអប់រំបេតិកភណ្ឌ ជូនដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួន ដែលមានទីតាំងក្នុងតំបន់បេតិកភណ្ឌ ចាប់តាំងពីកំលុងឆ្នាំ២០០៧ រួមមាន៖ ខេត្តសៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ, និងកំពង់ធំ។ កម្មវិធីអប់រំបេតិកភណ្ឌ ផ្តល់ឱកាសឱ្យកុមារដែលកើត និងរស់នៅក្នុងតំបន់រមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ បានយល់ដឹងនូវកេរមរតកវប្បធម៌របស់ខ្លួន ព្រមទាំងបណ្ដុះគំនិតកុមារឱ្យជ្រួតជ្រាបពីតម្លៃមរតកវប្បធម៌ ឱ្យចេះស្រឡាញ់ ចេះថែរក្សាការពារ ជាពិសេស កុមារអាចធ្វើជាគំរូចំពោះសហគមន៍របស់ខ្លួនលើវិស័យថែរក្សា ការពារ និងគ្រប់គ្រងកេរមរតកវប្បធម៌ក្នុងសហគមន៍របស់ខ្លួននាពេលអនាគត៕







