ថៃបំពាក់កាំភ្លើងធំ១៥៥មីលីម៉ែត្រផលិតក្នុងស្រុក ឱ្យកងទ័ពជើងទឹកត្រៀមខ្លួនក្នុងករណីផ្ទុះជម្លោះជាមួយកម្ពុជាសាជាថ្មី
ហៀប ស៊ីថេត
22 សីហា 2025 04:17 AM

រាជធានីបាងកក៖ ក្រៅពីកងទ័ពជើងគោក និងកងទ័ពជើងអាកាស ពេលនេះ កងទ័ពជើងទឹកថៃ បានទទួលជាផ្លូវការនូវប្រព័ន្ធកាំភ្លើងធំ១៥៥មីលីម៉ែត្រ ATMG ក្នុងពិធីមួយនៅឯបញ្ជាការដ្ឋានកងម៉ារីនថៃ ក្នុងខេត្តចន្ទបុរី កាលពីថ្ងៃទី២១សីហា ដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួន និងត្រៀមខ្លួន ប្រសិនបើផ្ទុះជម្លោះជាមួយកម្ពុជាសាជាថ្មី..។

រូបភាព៖ The Nation
រូបភាព៖ The Nation

ប្រព័ន្ធកាំភ្លើងធំនេះ ត្រូវបានផលិតនៅក្នុងប្រទេសថៃផ្ទាល់ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Elbit System របស់អ៊ីស្រាអែល ដែលឆ្លុះបញ្ចាំងពីគោលនយោបាយជាតិ ដើម្បីបង្កើនការពឹងផ្អែកលើខ្លួនឯង នៅក្នុងវិស័យយុទ្ធោបករណ៍យោធា និងការអភិវឌ្ឍឧស្សាហកម្មការពារជាតិក្នុងស្រុក។ លទ្ធកម្មនៃប្រព័ន្ធកាំភ្លើងធំ ATMG គឺជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយរបស់អគ្គមេបញ្ជាការកងទ័ពជើងទឹកថៃ លើការស្រាវជ្រាវ និងការអភិវឌ្ឍ ដែលមានបំណងលើកកម្ពស់ការពឹងផ្អែកដោយខ្លួនឯង លើយុទ្ធោបករណ៍យោធា និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស។ មែនទែនទៅ គម្រោងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មការពារជាតិក្នុងស្រុក មិនត្រឹមតែជួយដល់កងកម្លាំងប្រយុទ្ធដ៏សំខាន់របស់កងទ័ពជើងទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់កម្មវិធីពាណិជ្ជកម្ម និងឧស្សាហកម្មដែលមានសក្តានុពលផងដែរ។ កាំភ្លើងធំថ្មីនេះ នឹងបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹកថៃកាន់តែខ្លាំងថែមមួយកម្រិតទៀត។

រូបភាព៖ The Nation
រូបភាព៖ The Nation

ប្រព័ន្ធប្រព័ន្ធកាំភ្លើងធំ ATMG មានទំហំ១៥៥មីលីម៉ែត្រ មានកាណុងចំនួន៦ ប្រព័ន្ធគ្រប់គ្រងការបាញ់ប្រហារដោយស្វ័យប្រវត្តិ រ៉ាដាអាកាសធាតុ គ្រឿងបន្លាស់ និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត។ កាំភ្លើងធំនេះ អាចបាញ់​បាន​រយៈ​ចម្ងាយ​បាញ់​ជាង៤០គីឡូម៉ែត្រ និងអាចបាញ់ចេញ៦ដងក្នុង​មួយ​នាទី។ ការអួតសម្ញែញសព្វាវុធរបស់ថៃនេះ កំពុងឆ្លុះបញ្ចាំងពីការកើនឡើងនៃការពឹងផ្អែកលើខ្លួនឯងនៅក្នុងវិស័យផលិតកម្មការពារជាតិ ចំពេលជម្លោះព្រំដែនកម្ពុជា-ថៃ កាន់តែស្មុគស្មាញ។ ក្រៅពីកាំភ្លើងធំ១៥៥មីលីម៉ែត្រ ថៃបានកែច្នៃដ្រូនវាយប្រហារ ធ្វើទំនើបកម្មយន្តហោះចម្បាំង Alpha Jet TH រថពាសដែក និងពង្រីកឃ្លាំងសព្វាវុធរបស់ខ្លួន ស្របពេលរាជធានីបាងកក កំពុងប្រើគ្រប់មធ្យោបាយ ដើម្បីយកលេសវាយប្រហារ និងឈ្លានពានមកលើកម្ពុជាសាជាថ្មី៕

រូបភាព៖ The Nation
រូបភាព៖ The Nation
រូបភាព៖ The Nation
រូបភាព៖ The Nation
រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត