
ខេត្តបាត់ដំបង៖ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ បានបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងឃាត់ខ្លួនមនុស្សចំនួន៧នាក់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
យោងតាមប្រភពបានឱ្យដឹងថា លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរបានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់(ជល់មាន់)មួយករណីស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រតិបត្តិការនេះឃាត់ខ្លួនមនុស្សចំនួន០៧នាក់ និងដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ទី១.សង្វៀនមាន់មួយដុំ, ទី២.មាន់ជល់១០ក្បាល, ទី៣.ស៊ុមដាក់មានចំនួន០៥, ទី៤.ម៉ូតូ ៣គ្រឿង និងលុយចំនួន ៥៦ ០០០០រៀល ព្រមទាំងសម្ភារមួយចំនួនទៀត។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រាយការណ៍ដោយ៖ លោក សុខ វិឆ័យ






