
ខេត្តតាកែវ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ជល់មាន់តាសង្វៀននានា និងក្រុមជល់មាន់តាមទូរទស្សន៍អនឡាញនៅចំណុច ភូមិសំបួរ ឃុំទ្រា ស្រុកសំរោង កាលពីវេលាម៉ោង១៤:១០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ យកទៅកាន់ទីបញ្ជាការខេត្ត ដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាការ...។

បើតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ និងដោយបានទទួលបទបញ្ជាពី លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដឹកនាំសម្របសម្រួល នីតិវិធីដោយ លោក ស្រុីវ គឹមស្រស់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកវរសេនីយ៍ត្រី ចាន់ ជៀប អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានដឹកនាំមន្ត្រីកងរាជអាវុធហត្ថ ចុះបង្ក្រាបជនសង្ស័យ៣នាក់ ដែលបាននាំគ្នាលេងល្បែងស៊ីសងជល់មាន់ខុសច្បាប់ និងឃាត់បានវត្ថុតាងនៅនឹងកន្លែងផងដែរ។

ជនសង្ស័យទាំងបីនាក់ខាងលើរួមមាន៖ ទី១.ឈ្មោះ សុខ ធី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិក្ដីតាហុក ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស។ ទី២.ឈ្មោះ ជិន សាន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិត្រពាំងវិហារ ឃុំជើងគួន ស្រុកសំរោង។ និងទី៣.ឈ្មោះ ជីម សុភាព ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសង្កែរជួ ឃុំជ័យជោគ ស្រុកបូរីជលសារ។ យោងតាមចម្លើយសារភាព ជនសង្ស័យទាំងបី បានទទួលស្គាល់ថា ពួកគេពិតជាបាននាំគ្នាប្រព្រឹត្តលេងល្បែងស៊ីសងជល់មាន់ពិតប្រាកដមែន។ ជាមួយគ្នានោះ អាជ្ញាធរឃាត់បានវត្ថុតាងរួមមាន៖ មាន់ជល់មួយក្បាល, ជញ្ជីងថ្លឹងមាន់ចំនួន០១ និងស្គុតរុំខ្នាយមាន់មួយចំនួន, កុំព្យូទ័រចំនួន២គ្រឿង(មាន់ជល់អនឡាញ) និងម៉ូតូគ្រប់ប្រភេទចំនួន១៦គ្រឿង (ម្ចាស់ម៉ូតូខ្លះដឹងខ្លួនមុន រត់ចោលម៉ូតូ)។ បច្ចុប្បន្ន ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី..៕ រាយការណ៍ដោយ៖ សារី ណែត



