ជប៉ុនជ្រាបខ្លួនចូលទ្វីបអាហ្វ្រិក ខណៈឥទ្ធិពលអាម៉េរិកចាប់ផ្តើមសាបរលាបក្រោយចិនជះពន្លឺ
N
Nary Vann
21 សីហា 2025 06:00 AM

រាជធានីតូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា កាលពីថ្ងៃទី២០សីហា បានស្នើឱ្យបង្កើតតំបន់សេដ្ឋកិច្ចតភ្ជាប់មហាសមុទ្ទឥណ្ឌាទៅទ្វីបអាហ្វ្រិក ខណៈប្រទេសនេះខិតខំពង្រឹងតួនាទីរបស់ខ្លួននៅក្នុងទ្វីបអាហ្វ្រិក ស្របពេលឥទ្ធិពលសម្ព័ន្ធមិត្តអាម៉េរិកចាប់ផ្តើមសាបរលាប ខណៈចិនជះពន្លឺកាន់តែខ្លាំងក្នុងប្លុកមួយនេះ...។

លោក ស៊ីហ្គេរូ អ៊ីស៊ីបា
លោក ស៊ីហ្គេរូ អ៊ីស៊ីបា

សំណើនេះ គឺជាផ្នែកមួយនៃសន្និសីទអន្តរជាតិតូក្យូ ស្តីពីការអភិវឌ្ឍអាហ្វ្រិក ហៅកាត់ថា TICAD ដែលមានគោលបំណងពង្រឹងអាជីវកម្ម និងការវិនិយោគនៅក្នុងតំបន់ និងលើកកម្ពស់ពាណិជ្ជកម្មសេរី។ លោកបានថ្លែងយ៉ាងដូច្នេះថា៖«ប្រទេសជប៉ុនជឿជាក់លើអនាគតរបស់ទ្វីបអាហ្វ្រិក។ ជប៉ុនគាំទ្រ គោលគំនិតនៃតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្រ្វិក ដែលមានបំណងជំរុញការប្រកួតប្រជែងក្នុងតំបន់»។ លោក អ៊ីស៊ីបា បញ្ជាក់ថា គំនិតផ្តួចផ្តើមតំបន់សេដ្ឋកិច្ចមហាសមុទ្ទឥណ្ឌា-អាហ្រ្វិករបស់លោកនឹងស្ថិតក្រោមអ្វីដែលហៅថា ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ជាគោលគំនិតការទូតបរទេសរបស់ប្រទេសជប៉ុន ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា សន្តិសុខ ពាណិជ្ជកម្ម និងពាណិជ្ជកម្មក្នុងចំណោមប្រជាជាតិនានា នៅក្នុងតំបន់។ គំនិតនេះត្រូវបានបញ្ជាក់ជាលើកដំបូងដោយអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ក្នុងអំឡុងពេលសន្និសីទអន្តរជាតិតូក្យូ ស្តីពីការអភិវឌ្ឍអាហ្វ្រិកឆ្នាំ២០១៦ ហើយត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាវិធានការប្រឆាំងនៃការរះឡើងនៃឥទ្ធិពលចិននៅក្នុងតំបន់។

កិច្ចប្រជុំកំពូលឆ្នាំនេះ ធ្វើឡើងក្រោមស្រមោលនៃសង្គ្រាមពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក និងការកាត់បន្ថយកម្មវិធីជំនួយបរទេស ដែលបានជះឥទ្ធិពលអវិជ្ជមានដល់គម្រោងអភិវឌ្ឍន៍នានានៅអាហ្វ្រិក។ ទន្ទឹមនឹងមហាយក្សចិន បាននិងកំពុងពង្រីកឥទ្ធិពលខ្លួនកាន់តែខ្លាំងចូលនៅក្នុងតំបន់ តាមរយៈគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងកម្ចី។ កិច្ចប្រជុំកំពូលដែលផ្តោតលើសន្តិភាព ស្ថិរភាព សុខភាព ការប្រែប្រួលអាកាសធាតុ និងការអប់រំ មានវត្តមានចូលរួមពីសំណាក់មេដឹកនាំ និងអ្នកតំណាងមកពីប្រទេសអាហ្វ្រិកប្រហែល៥០ និងមន្ត្រីមកពីអង្គការអន្តរជាតិផ្សេងទៀត។

គំនិតផ្តួចផ្តើមនេះ មានគោលបំណងនាំការវិនិយោគពីក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា និងមជ្ឈិមបូព៌ា ទៅកាន់ទ្វីបអាហ្វ្រិក។ លោក អ៊ីស៊ីបា បានឱ្យដឹងថា ប្រទេសជប៉ុន ក៏នឹងពង្រីកប្រាក់កម្ចីរហូតដល់៥,៥ពាន់លានដុល្លារក្នុងការសម្របសម្រួលជាមួយធនាគារអភិវឌ្ឍន៍អាហ្វ្រិក ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ទ្វីបអាហ្រ្វិក និងដោះស្រាយបញ្ហាបំណុលរបស់ពួកគេ។ លោកក៏បាននិយាយផងដែរថា ប្រទេសជប៉ុន មានបំណងផ្តល់ការគាំទ្រក្នុងការបណ្ដុះបណ្ដាលអ្នកជំនាញផ្នែកបញ្ញាសិប្បនិមិត្តចំនួន៣ម៉ឺននាក់ ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីលើកកម្ពស់ឌីជីថលនីយកម្ម និងបង្កើតការងារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត