ក្រសួងគ្រោងប្រើដ្រូន និងម៉ាស៊ីនថតស្វ័យប្រវត្តិ ឃ្លាំមើលសត្វផ្សោត និងបទល្មើសនេសាទនៅតំបន់កាំពី
S
Soriya Sou
20 សីហា 2025 10:30 AM

រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងប្រើប្រាស់យន្តការបន្ថែម ដោយសាកល្បងបំពាក់ម៉ាស៊ីនថតស្វ័យ​ប្រវត្តិ និងប្រើប្រាស់ដ្រូន ដើម្បីឃ្លាំមើលសត្វផ្សោតនៅតំបន់កាំពី ខេត្តក្រចេះ និងបទល្មើសនេសាទនានាតាមដងទន្លេមេគង្គ…។

រូបភាព/ ក្រសួងកសិកម្ម
រូបភាព/ ក្រសួងកសិកម្ម

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា បើគ្មានការប្រែប្រួលទេ ក្រសួងកសិកម្មដោយមាននាយកដ្ឋាន​អភិរក្ស​ជលផល នៃរដ្ឋបាលជលផលជាសេនាធិការ ក្រោមកិច្ចសហការ ជាមួយអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ប្រចាំនៅកម្ពុជា និងវិទ្យាស្ថាន​វារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តចិន នឹងចាប់ផ្ដើមអនុវត្តគម្រោងនេះ នៅដើមឆ្នាំ២០២៦។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីឆ្មាំទន្លេកាំពី កាលពីថ្ងៃទី១៩សីហា កញ្ញា អ៊ឹម រចនា បានអះអាងថា ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យពីចម្ងាយនេះ ធ្វើឡើងក្នុងគោលបំណងឃ្លាំមើលសកម្មភាពប្រចាំថ្ងៃរបស់​សត្វផ្សោត និងសកម្មភាពនានាតាមដងទន្លេ។ ជាពិសេស បទល្មើសនេសាទនៅក្នុងតំបន់អភិរក្សសត្វផ្សោត តាមរយៈការបំពាក់ម៉ាស៊ីនថត​ស្វ័យ​​ប្រវត្តិ និងការបង្ហោះដ្រូន។ វាក៏ជាឱកាសសម្រាប់មន្ត្រីឆ្មាំទន្លេអាចរៀនសូត្រចំណេះជំនាញថ្មីបន្ថែម ដើម្បីអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា កំពុងធ្វើបទបង្ហាញដល់មន្រ្តីឆ្មាំទន្លេកាំពី 
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា កំពុងធ្វើបទបង្ហាញដល់មន្រ្តីឆ្មាំទន្លេកាំពី 

គម្រោងបំពាក់ម៉ាស៊ីនថតស្វ័យ​ប្រវត្តិ និងប្រើប្រាស់ដ្រូន ដើម្បីការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ ត្រូវបានផ្ដួចផ្ដើមឡើងក្រោយមន្រ្តីជំនាញក្រសួងកសិកម្ម ធ្វើដំណើរទស្សនកិច្ចសិក្សា ស្ដីពីការងារអភិរក្ស និងគ្រប់គ្រងសត្វផ្សោតទឹកសាប នៅទីក្រុងវូហានប្រទេសចិន កាលពីខែមិថុនាកន្លងទៅ។ ក្រោយដំណើរទស្សនកិច្ចនេះ ក្រសួងកសិកម្មបានពិនិត្យឃើញថា វិធីសាស្ដ្រប្រើប្រាស់​ដ្រូនភ្ជាប់​ជាមួយកុំព្យូទ័រ និងទូរសព្ទដៃ គឺជាបច្ចេកវិទ្យាមួយដែលកម្ពុជាមានលទ្ធភាពអាចធ្វើបាន។ បើតាមក្រសួងកសិកម្ម ការបំពាក់ម៉ាស៊ីនថតស្វ័យ​ប្រវត្តិ និងប្រើប្រាស់ដ្រូន មិនត្រឹមតែអនុញ្ញាតឱ្យ​ក្រុមការងារ​ឆ្មាំទន្លេ ​និងអ្នកជំនាញអាចឃ្លាំមើលបម្លាស់ទីនៃសត្វផ្សោត និងការនេសាទខុសច្បាប់ប៉ុណ្ណោះទេ តែវាក៏ជួយកាត់បន្ថយការចេញល្បាតរបស់ឆ្មាំទន្លេ ដោយគ្រាន់តែពិនិត្យវីដេអូផ្សាយផ្ទាល់ពីប្រព័ន្ធត្រួតពិនិត្យពីចម្ងាយ និងដ្រូន ហើយអាចត្រៀមខ្លួនចេញអន្តរាគមន៍ទាន់ពេលវេលា ទាំងចំពោះសកម្មភាពរបស់សត្វផ្សោតលើដងទន្លេ និងសកម្មភាពនេសាទខុសច្បាប់។

សូមជម្រាបថា សត្វផ្សោត ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ។ បើតាមក្រសួងកសិកម្ម ក្រៅពីមានតម្លៃផ្នែកទេសចរណ៍ វត្តមានសត្វផ្សោតទន្លេមេគង្គ កំពុងបន្តនាំមកនូវកិត្យានុភាពសម្រាប់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៥ សត្វផ្សោតទន្លេមេគង្គនៅកម្ពុជាបានកើនឡើងដល់ចំនួន១១១ក្បាល

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត