
រាជធានីបាងកក៖ មេបញ្ជាការយោធភូមិភាគទី២របស់ថៃ លោក ប៊ុនស៊ីន ផាដក្លាង ព្រមានថា កម្ពុជាមិនអាចជឿទុកចិត្តបានទេ និងបញ្ជាក់ពីឱកាស ៥០-៥០ នៃការប៉ះទង្គិចព្រំដែនថ្មីរវាងថៃ និងកម្ពុជា។ លោក ប៊ុនស៊ីន ក៏បានឱ្យដឹងផងដែរថា លោកក៏ធ្លាប់បានព្រមាននាយករដ្ឋមន្ត្រីស្តីទី កុំឱ្យទុកចិត្តកម្ពុជា...។

លោក ប៊ុនស៊ីន លើកឡើងថា កម្ពុជាមិនអាចជឿទុកចិត្តបានទេ មានឱកាស៥០-៥០ នៃកងទ័ពកម្ពុជា ចាប់ផ្តើមការប៉ះទង្គិចនៅតាមព្រំដែនឡើងវិញ។ មេភូមិភាគទី២ បានធ្វើការកត់សម្គាល់បែបនេះ ខណៈពេលកំពុងធ្វើជាអធិបតីនៃពិធីចែកជំនួយដល់កងទ័ពដែលរងរបួសក្នុងអំឡុងសង្គ្រាមឈ្លានពានកម្ពុជា។ លោក ប៊ុនស៊ីន ផាដក្លាង បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធថៃ បានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីចូលរួមកិច្ចចរចាសន្តិភាពជាមួយកម្ពុជា ឬឈានដល់ជម្លោះមួយទៀត ប្រសិនបើមានការបង្កហេតុ។ លោកបានប្តេជ្ញាថា នឹងធ្វើការឆ្ពោះទៅរកដំណោះស្រាយយ៉ាងឆាប់រហ័សនៃភាពតានតឹងនៅតាមព្រំដែន ដោយបញ្ជាក់ថា លោកនឹងចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់តំបន់នៅចុងខែនេះ ជាមួយលទ្ធផលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅពេលក្រោយ។

យ៉ាងណា សម្តីរបស់លោក ប៊ុនស៊ីន គឺផ្ទុយពីទង្វើ។ មាត់ចង់បានសន្តិភាព តែចិត្តនៅបន្តយាយីកម្ពុជា ដោយមិនអើពើនឹងបទឈប់បាញ់។ មិនត្រឹមតែប៉ុណ្ណោះ មេទ័ពចិត្តជាចោររូបនេះ បានបញ្ជាក់ទាំងភាពក្រអឺតក្រទមថា លោកធ្លាប់ព្រមាននាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិធម្ម វិជ្យៈឆ័យ ថា កម្ពុជាមិនអាចជឿទុកចិត្តបានឡើយ។ មិនអាចទុកចិត្តបាន ក៏ព្រោះតែលទ្ធភាពនៃជម្លោះថ្មី អាចកើតចេញពីការប្ដឹងដ៏មានសក្តានុពលរបស់ប្រទេសថៃ ប្រឆាំងមេដឹកនាំកម្ពុជាពីបទឧក្រិដ្ឋកម្មសង្គ្រាម និងការបំផ្លិចបំផ្លាញដែលបង្កឡើងដល់តំបន់ជនស៊ីវិលថៃ។ លោកលើកឡើងបន្តថា៖«វាជាសិទ្ធិរបស់យើង ហើយខ្ញុំយល់ស្របនឹងវិធីសាស្ដ្ររបស់រាជរដ្ឋាភិបាល ក្នុងការឱ្យក្រសួងការបរទេសចាត់វិធានការតាមផ្លូវច្បាប់ស្របតាមច្បាប់អន្តរជាតិ។ វាចាំបាច់ណាស់ដែលត្រូវធ្វើ!»។

នៅពេលសួរថា តើការធ្វើបែបនេះនឹងធ្វើឱ្យការចរចាកាន់តែលំបាកដែរឬទេ? មេភូមិភាគទី២រូបនេះឆ្លើយថា៖«កម្ពុជាបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចហើយ ទាក់ទងនឹងតំបន់ជម្លោះចំនួនបួន។ ដូច្នេះ ថៃនឹងប្តឹងរឿងនេះដូចគ្នា ព្រោះមានភស្តុតាងជាក់ស្តែង»។ បន្ថែមពីនោះ នៅពេលសួរថា តើយោធានឹងផ្តល់ភស្តុតាងដល់នគរបាលភូមិភាគទី៣ ដើម្បីប្រមូលសាក្សី និងបញ្ជូនទៅអគ្គព្រះរាជអាជ្ញា ដើម្បីកាត់ទោសមេដឹកនាំកម្ពុជាទាំងពីរឬអត់? លោក ប៊ុនស៊ីន តបថា៖«បាទ..! ហើយកងទ័ពភូមិភាគ២ ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រភស្តុតាង ដើម្បីចាត់ការតាមផ្លូវច្បាប់ចំពោះជនល្មើស»៕(Sic)



